(អាមេរិក)៖ សំណុំរឿងដែលគេសង្ស័យថាលោក ដូណាល់ ត្រាំ មានទំនាក់ទំនងសំងាត់ជាមួយរដ្ឋាភិបាល រុស្ស៊ី នៅអំឡុងពេលឃោសនាបោះឆ្នោត កំពុងតែរង្គោះរង្គើលជាសម្ពាធយ៉ាងខ្លាំងនៅលើប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែនៅពេលនេះរដ្ឋអាជ្ញាពិសេសមួយ ត្រូវបានបង្កើតឡើងដោយ ក្រសួងយុត្តិធម៌ ដោយប្រកាសតែងតាំងប្រគល់ឲ្យលោក Robert Mueller អតីតនាយក FBI (២០០១-២០១៣) ជាប្រធាន ដើម្បីធ្វើការស៊ើបអង្កេតលើសំណុំរឿងសង្ស័យមាន ទំនាក់ទំនងសំងាត់របស់ប្រធានាធិបតី ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី។
* តើរដ្ឋអាជ្ញាពិសេសមានអំណាច និងឯករាជ្យភាពយ៉ាងណា ហើយត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
វាជាករណីដ៏កម្រណាស់ក្នុងប្រវត្តិនយោបាយយុត្តិធម៌អាមេរិក ដែលមានការតែងតាំងរដ្ឋអាជ្ញាពិសេស យ៉ាងដូច្នេះ ! ព្រោះរដ្ឋអាជ្ញាពិសេសនេះ ត្រូវបានតែងតាំងឡើង តែក្នុងករណីមានភាពសង្ស័យធំ ត្រូវអង្កេតក្នុងស្ថាប័នកាន់អំណាចកំពូលៗរបស់ប្រទេស ឬប៉ះពាល់ដល់ប្រយោជន៍ជាតិ។ រដ្ឋអាជ្ញាពិសេសនេះ មានអំណាចអង្កេតធំទូលាយខ្លាំងជាងរដ្ឋអាជ្ញាធម្មតា ហើយមានឯករាជ្យភាពមែនទែន។
* ការជ្រើសតាំងរដ្ឋអាជ្ញាពិសេស
ជាធម្មតារដ្ឋអាជ្ញាពិសេស ត្រូវបានតែងតាំងឡើងដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមានអំណាច និងសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចជ្រើសរើសឥស្សរជនណាម្នាក់ ឱ្យមកបំពេញភារកិច្ចនេះ មិនថាឥស្សរជននេះ កំពុងបំរើការក្នុងវិស័យឯកជន ឬសាធារណៈទេ។
លោក Robert Mueller ដែលទើបត្រូវបានលោកអនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Rosenstein តែងតាំងជារដ្ឋអាជ្ញាពិសេសនេះ ជាសមាជិកការិយាល័យច្បាប់ឯកជនមួយប៉ុណ្ណោះ។ ប៉ុន្តែលោកមានប្រវត្តិរូបល្អ និងជាអតីតនាយក FBI ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៣ ក្រោមរដ្ឋបាលលោក ប៊ូស និងលោកអូបាម៉ា។ ល្បីខាងមានឯករាជ្យភាពខ្លាំង ហើយធន់នឹងសម្ពាធពីក្រៅគ្រប់បែបយ៉ាង។ លោកជាបេក្ខជនដ៏ប្រពៃសម្រាប់តួនាទីជារដ្ឋអាជ្ញាពិសេស ! ទាំងអ្នកប្រជាធិបតេយ្យ ទាំងអ្នកសាធារណរដ្ឋ សុទ្ធតែអបអរការតែងតាំងលោក Mueller ទាំងអស់គ្នា។
* បេសកកម្ម និងអំណាចរបស់រដ្ឋអាជ្ញាពិសេស
បេសកកម្មដែលកំពុងរង់ចាំ លោក Robert Mueller គឺបន្តការស៊ើបអង្កេតរកមើលភាពជាប់ពាក់ព័ន្ធរវាងលោក ដូណាល់ ត្រាំ និងរុស្ស៊ី ក្នុងអំឡុងពេលឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ផង និងអង្កេតមើលថាតើលោកត្រាំ ពិតជាបានការលូកដៃប្រើអំណាចជាប្រធានាធិបតី ដើម្បីរារាំងដំណើរការអង្កេតប្រឆាំងក្រុមជំនិតខ្លួនឯង ដូចការចោទប្រកាន់មែនដែរ ឬអត់។
ថ្វីបើរដ្ឋអាជ្ញាពិសេសនេះ ស្ថិតក្រោមបង្គាប់របស់ក្រសួងយុត្តិធម៌ និងប្រធានាធិបតីអាមេរិកមែន ប៉ុន្តែលោក មូល័រ គ្មានកាតព្វកិច្ច ចាំបាច់ត្រូវរាយការណ៍ជូនថ្នាក់លើទាំងពីរ ជាប្រចាំរាល់ថ្ងៃឡើយ។ លោក ជាដៃគូជជែកដោយផ្ទាល់របស់លោក Rosenstein អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រោះរដ្ឋមន្ត្រី ត្រូវជាប់បម្រាមមិនឱ្យលូកដៃក្នុងសំណុំរឿងនេះ ដោយទំនងមានជាប់ពាក់ព័ន្ធនឹងរុស្ស៊ីដែរ។
លោក Mueller ត្រូវជូនព័ត៌មានទៅលោក Rosenstein រាល់សកម្មភាពអង្កេតសំខាន់ៗ ដែលលោកត្រូវធ្វើ ហើយលោកអនុរដ្ឋមន្ត្រីមានសិទ្ធិប្រឆាំង និងអាចដកលោកមូល័រវិញ បានគ្រប់ពេលប្រសិនបើមើលឃើញថារដ្ឋអាជ្ញារូបនេះ មានកំហុស ឬ មានទំនាស់ផលប្រយោជន៍ ជាប់ក្នុងសំណុំរឿងអង្កេត។ តែលោកមូល័រ គឺជាអ្នកមានអំណាចចុចគន្លឹះបើកដំណើរការនីតិវិធី ក្នុងក្របខ័ណ្ឌអង្កេត។
បើតាមឧទាហរណ៍កន្លងមក រដ្ឋអាជ្ញាពិសេសមានឯករាជ្យភាពខ្លាំងណាស់។ រដ្ឋអាជ្ញាពិសេស វិះតែនឹងធ្វើឱ្យលោក ប៊ីល គ្លីនតុន ធ្លាក់ពីតំណែង ព្រោះសំណុំរឿង Monica Lewinsky ស្រីញីរបស់លោកគ្លីនតុន នៅក្នុងឆ្នាំ១៩៩០។ រដ្ឋអាជ្ញាពិសេស ល្បីខ្លាំងជាងគេ គឺលោក Archibald Cox ដែលបានបើកអង្កេត ប្រឆាំងនឹងប្រធានាធិបតី និចស៊ុន រហូតដល់អតីតប្រធានាធិបតីរូបនោះលាលែងចេញពីតំណែងនៅឆ្នាំ១៩៧៤។
* នីតិវិធីដកតំណែងប្រធានាធិបតី
ប្រសិនបើការអង្កេតឯករាជ្យរបស់រដ្ឋអាជ្ញាពិសេស រកឃើញអំពីការពាក់ព័ន្ធគ្នារវាងលោក ត្រាំ និងរុស្ស៊ី ក្នុងពេលឃោសនាបោះឆ្នោតមែន ហើយលោកត្រាំ ពិតជាប្រើអំណាចរារាំង ឬបិទខ្ទប់ដំណើរការអង្កេតរបស់ FBI មែន នោះអាមេរិកពិតជានឹងអាចធ្វើការចោទប្រកាន់ប្រធានាធិបតី ស្របតាមនីតិវិធី Impeachment នៃមាត្រ២របស់រដ្ឋធម្មនុញ្ញ ដែលនឹងអាចឈានដល់ការដកតំណែងប្រធានាធិបតីបានហើយ។
តាមច្បាប់ ដើម្បីអាចចាប់ផ្តើមនីតិវិធីបាន ត្រូវមានអន្តរាគមន៍ពីសភា (តំណាងប្រជាជន)និងព្រឹទ្ធសភា (តំណាងរដ្ឋ)។
សភាជាអ្នកចាប់ផ្តើមមុន ដោយចេញញត្តិចាប់ថ្នាក់ និងបោះឆ្នោតអនុម័ត។ បើទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត និងភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងត្រូវបញ្ជូនទៅឱ្យព្រឹទ្ធសភាអនុម័តសម្រេច។ ព្រឹទ្ធសភាដើរតួនាទីជាតុលាការ និងបើកសវនការកាត់ក្តី។ ក្នុងពេលនោះ ជនជាប់ឆ្នោត ដែលត្រូវព្យួរតំណែងសិន អាចមានមេធាវីការពារក្តី ដូចក្នុងដំណើរព្រហ្មទណ្ឌទូទៅ ម្នាក់ឬច្រើននាក់។ បើព្រឹទ្ធសភាបោះឆ្នោតប្រមូលសំឡេងបានពីរភាគបី ចោទថាប្រធានាធិបតីមានទោស នោះលោកត្រាំ នឹងត្រូវដកចេញពីតំណែងភ្លាម ហើយអនុប្រធានាធិបតីត្រូវទទួលបន្ទុកដឹកនាំប្រទេសបន្តតែម្តង។
គិតចាប់ពីឆ្នាំ១៧៨៩មក ឆ្នាំដែលរដ្ឋធម្មនុញ្ញអាមេរិកចូលជាធរមានមក អាមេរិកបានប្រើនីតិវិធី Impeachment ដកតំណែង ចំនួន១៩ដង ក្នុងនោះបីដងប្រឆាំងនឹងប្រធានាធិបតី គឺ លោក អង់ដ្រូ ចនសុន នៅឆ្នាំ១៨៦៨ និងលោក ប៊ីល គ្លីនតុន នៅឆ្នាំ១៩៩០ ពីបទរារាំងតុលាការដើម្បីបិទខ្ទប់សំណុំរឿង ម៉ូលីកា ឡឺវែនស្គី ប៉ុន្តែប្រធានាធិបតីទាំងពីរ ត្រូវបានសង្គ្រោះ នៅព្រឹទ្ធសភា។ តែក្នុងក្រោយចប់អាណត្តិ លោក គ្លីនតុន ត្រូវតុលាការកាត់ទោសក្នុងសំណុំរឿងដដែល ឱ្យបង់ខាតប្រមាណ២៥ម៉ឺន និងជាប់ទោសមិនអាចឈរឈ្មោះធ្វើនយោបាយ៥ឆ្នាំ។ ចំណែកករណីលោកប្រធានាធិបតី និចស៊ុន ក្នុងឆ្នាំ១៩៧៤វិញ លោកបានលាលែងចេញពីតំណែងមុនដំណើរការនីតិវិធីហូតអំណាចចាប់ផ្តើមទៅទៀត។
ក្នុងករណីលោក ត្រាំ អ្វីៗកំពុងស្ថិតក្នុងដៃអ្នកសាធារណរដ្ឋហើយ ! អ្នកសាធារណរដ្ឋ មានសំឡេងភាគច្រើននៅក្នុងសភា និងព្រឹទ្ធសភា។ តើពួកគេត្រៀមនឹងដកតំណែងប្រធានាធិបតី ដែលជាអ្នកសាធារណរដ្ឋដូចគ្នាឬទេ ? ធម្មតាគឺគេមិនធ្វើទេ តែគ្មានអ្វីប្រាកដទេពេលនេះ ព្រោះអ្នកសាធារណរដ្ឋខ្លះ ទំនងជាសុខចិត្តឃើញលោក អនុប្រធានាធិបតីដឹកនាំប្រទេស ច្រើនជាងលោក ត្រាំ។ បើតាមការស្ទង់មតិ ពលរដ្ឋអាមេរិក៤៨% ចង់ដកលោក ត្រាំចេញ៕ (ដកស្រង់ពីវិទ្យុបារាំង RFI).