(ម៉ានីល)៖ ជំនួយការកំពូលរបស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្តរបស់លោក ឌូតឺតេ ឈប់ទទួលយកជំនួយពីសហភាពអឺរ៉ុបនោះ គឺជាការបង្ហាញអំពីនយោបាយការបរទេសឯករាជ្យរបស់ប្រទេសជាតិ ខណៈសមាជិកព្រឹទ្ធសភាហ្វីលីពីនដ៏មានឥទ្ធិពលមួយរូបបានចេញមុខបង្ហាញពីការខកចិត្តខ្លាំង និងព្រមានចំពោះផលអវិជ្ជមានជាច្រើន ដែលប្រទេសអាស៊ានមួយនេះនឹងត្រូវប្រឈមមុខ។ នេះបើតាមការដកស្រង់ការផ្សាយពីបណ្តាញព័ត៌មាន Inquirer របស់ហ្វីលីពីន នារសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
មេដឹកនាំ និងជាសមាជិកព្រឹទ្ធសភាសំឡេងភាគតិច លោក Franklin Drilon បានថ្លែងនៅថ្ងៃសុក្រយ៉ាងដូច្នេះថា «ខ្ញុំពិតជាសោកស្តាយណាស់ ចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ។ សហភាពអឺរ៉ុបគឺជាដៃគូពាណិជ្ជកម្ម និងតែងតែផ្តល់ជំនួយដ៏ល្អដល់យើង។ ទោះបីជាបែបណាក៏ដោយ ជំនួយជាច្រើនមកកាន់ប្រជាជនយើង បានជួយសម្រួលបន្ទុកដល់ប្រជាជនក្រីក្រជាច្រើន ជាពិសេសនៅសហគមន៍ក្នុងខេត្ត Mindanao។» លោក Drilon ក៏បានព្រមានផងដែរ ចំពោះបញ្ហាធំដែលនឹងកើតឡើង ជាពិសេសពាណិជ្ជកម្មទ្វេភាគីរវាងសហភាពអឺរ៉ុប និងហ្វីលីពីនតែម្តង។
ជាចុងក្រោយ លោក Drilon បានអំពាវនាវឲ្យរដ្ឋបាលរបស់លោក ឌូតឺតេ ធ្វើការគិតគូរឡើងវិញឲ្យបានប្រុងប្រយ័ត្ន និងសិក្សាឲ្យបានច្បាស់លាស់ មុននឹងចេញសេចក្តីសម្រេចលើអ្វីមួយ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន តែងតែទទួលបានជំនួយប្រមាណ ២៧៩លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុបជារៀងរាល់ឆ្នាំ ប៉ុន្តែចាប់តាំងពី លោក ឌូតឺតេ ឡើងកាន់តំណែង ដោយមានសង្គ្រាមគ្រឿងញៀនជាអាវុធនោះ សហភាពអឺរ៉ុបតែងតែធ្វើការរិះគន់ និងថ្កោលទោស ដែលជាបង្កក្តីក្តៅក្រហាយយ៉ាងខ្លាំងពីលោក ឌូតឺតេ ទើបបង្កើតបានជាការប្រកាសលែងទទួលជំនួយ ដូរយកឯករាជ្យដូចពេលនេះ។
អ្នកជំនាញជាច្រើនបានធ្វើការព្រមានពីផលវិបាក ដែលហ្វីលីពីននឹងជួបប្រទះដោយសារការអត់ជំនួយ ដោយមិនមែនត្រឹមតែជាបញ្ហាជំនួយតែមួយមុខនោះទេ ប៉ុន្តែក៏មានបញ្ហាបន្តបន្ទាប់ទៀតដែរ ជាពិសេសគឺទំនាក់ទំនងលើគ្រប់វិស័យរវាងអឺរ៉ុប-ហ្វីលីពីន ដែលរងផលប៉ះពាល់មិនអាចទប់បាន៕