(វ៉ាស៊ីនតោន)៖ មន្រ្តីរដ្ឋាភិបាលរុស្ស៊ី​បាននិយាយអួត នៅក្នុង​កិច្ចសន្ទនាមួយចំនួន​កាលពីអំឡុង​នៃការធ្វើយុទ្ធនាការ​​​ឃោស​នា​​បោះ​​ឆ្នោត​ ​ជ្រើស​រើស​​ប្រធានាធិបតី​អាមេរិក ពួកគេបាន​បង្កើតទំនាក់ទំនង​យ៉ាងរឹងមាំ​ ជាមួយអតីតទីប្រឹក្សា​សន្តិសុខជាតិ​របស់ ​លោក Donald Trump គឺលោក Michael Flynn និងជឿជាក់ថា ពួកគេអាច​ប្រើប្រាស់​លោក Flynn ដើម្បីជះឥទ្ធិពល​ដល់ លោក Trump និង​​រដ្ឋ​បាល​របស់​លោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃ​​សៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។

យោងតាមប្រភព​ព័ត៌មានរបស់ CNN កិច្ចសន្ទនាគ្នា​ដែលមន្រ្តីស៊ើបការណ៍​សម្ងាត់​អាមេរិក​ទទួលបាន បានបង្ហាញថា រុស្ស៊ីចាត់ទុក ​លោក Michael Flynn ជាសម្ព័ន្ធមិត្តម្នាក់ ហើយទំនាក់ទំនង​រវាងលោក Flynn និងរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ​ បានបន្តវិវឌ្ឍន៍​រហូតក្នុង​ឆ្នាំ២០១៦ នៅប៉ុន្មានខែ​មុនរូបលោកត្រូវគេ​ស្ទាក់ចាប់ ការនិយាយ​ទូរស័ព្ទបាន កាលពីខែធ្នូឆ្នាំ២០១៦​​ដដែល​នៅពេល លោក Flynn កំពុង​ជជែកគ្នាជាមួយ​ឯកអគ្គរដ្ឋទូតរុស្ស៊ី​ ប្រចាំនៅវ៉ាស៊ីនតោន លោក Sergey Kislyak។ ហើយក្រោយមក​កិច្ចសន្ទនាតាម​ទូរស័ព្ទនេះ ទីបំផុត​ក៏ឈានដល់ការបញ្ឈប់ពីការងារ​របស់លោក ក្នុងនាមជាទីប្រឹក្សា​សន្តិសុខជាតិ​ដំបូងគេ របស់​លោក Donald Trump តែម្តង។

គួរបញ្ជាក់ថា យ៉ាងណាមិញប្រភពដដែល​បានព្រមានឲ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាមួយ នោះគឺ រុស្ស៊ីប្រហែល​ជាបាននិយាយ​បំផ្លើសអំពី ឥទ្ធិពលរបស់​ពួក​គេ​​ជាមួយក្រុមមន្រ្តីរបស់ លោក ដូណាល់ ត្រាំ នៅក្នុងអំឡុង​កិច្ចសន្ទនា​ទាំងនោះ។ ជុំវិញរឿងនេះ​មេធាវីរបស់ លោក Michael Flynn ក៏បានបដិសេធសុំមិន​ធ្វើការអត្ថាធិប្បាយ​ផងដែរ។ បច្ចុប្បន្ននេះ រឿងរ៉ាវដែលធំបំផុតចំពោះមុខ លោក ដូណាល់ ត្រាំ គឺការស៊ើបអង្កេតរកការជាប់ពាក់ព័ន្ធរបស់រុស្ស៊ី ទៅនឹងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ២០១៦៕