(សេអ៊ូល)៖ នយោបាយមុខពីររបស់លោក មូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី ដែលចង់ឲ្យកូរ៉េខាងជើង​បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ-មីស៊ីល ហើយមកអង្គុយតុពិភាក្សា-ចរចាគ្នានោះ ត្រូវបានទីក្រុងព្យុងយ៉ាង​រិះគន់ត្រឡប់មកវិញថា ជារឿងដែលមិនអាចទៅរួច និងមិនស៊ីសង្វាក់គ្នានោះឡើយ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ នាព្រឹក​ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋាភិបាលកូរ៉េខាងជើង បានព្រលយអត្ថន័យស្នូលរបស់ខ្លួន តាមបណ្តាញផ្សព្វផ្សាយរដ្ឋយ៉ាងដូច្នេះថា «ការប្រឈមមុខដាក់គ្នាផង និងអង្គុយតុចរចាគ្នាផងស្របគ្នាបែបនេះ មិនមែនជារឿងដែលអាចធ្វើ​ទៅរួច​នោះឡើយ។ វាជាការបង្ហាញច្បាស់ណាស់ថា កូរ៉េទាំងពីរមិនអាចសម្រេចបាននូវការផ្សះផ្សាជាតិ និងកែ​លម្អទំនាក់ទំនងអន្តរកូរ៉េបាននោះឡើយ ខណៈដែលការញុះញង់ឲ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការប្រឈមមុខដាក់គ្នា នៅតែបន្តកើតមានឡើងនោះ»

គួរបញ្ជាក់ថា លោក មូន ជេអ៊ីន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅពាក់កណ្តាល​សប្តាហ៍នេះបានថ្លែងស្រដៀងគ្នាថា កិច្ចចរចាសន្តិភាព និងការធានាបាននូវសន្តិសុខជូនកូរ៉េខាងជើង និងលោក គីម ជុងអ៊ុន ពិតជាអាចធ្វើទៅបាន ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរបានទាមទារឲ្យកូរ៉េខាងជើង ព្រមលះបង់ចោលអាវុធប្រល័យលោក (នុយក្លេអ៊ែរ) ជាមុនសិន ទើបអាចសម្រេចកិច្ចការទាំងនោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់គ្នាពិតជាដឹងក្នុងចិត្តហើយថា ការចង់ឲ្យកូរ៉េខាងជើង​បោះបង់ចោលអាវុធ ដែលខ្លួនកំពុងប្រើដើម្បីការពារអាយុ​ជីវិតខ្លួនឯងនោះ ពិតជាក្តីសង្ឃឹមនៅក្នុងខ្យល់ហើយ៕