(តូក្យូ)៖ ទីបំផុតសភាជប៉ុននៅថ្ងៃសុក្រនេះ បានយល់ព្រមអនុម័តហើយ លើច្បាប់ដែលអនុញ្ញាតឱ្យព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យ និងផ្ទេរព្រះរាជកិច្ចដល់បុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Naruhito ហើយផ្អែកលើច្បាប់ថ្មីនេះ ព្រះចៅអធិរាជ Akihito នឹងក្លាយជាអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យគិតត្រឹមរយៈពេលជាង ២០០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ការអនុម័តខាងលើនេះបានកើតមានឡើងបន្ទាប់ពី គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ កាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យជាផ្លូវការពីរាជបល្ល័ង្ក Chrysanthemum ហើយសេចក្តីព្រាងនោះ ត្រូវបានផ្ញើទៅកាន់សភាធ្វើការសម្រេចជាចុងក្រោយ។ លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកសារព័ត៌មាននានា នៅគ្រានោះថា «សេចក្តីសម្រេចយ៉ាងណានោះ គឺត្រូវរង់ចាំការតស៊ូមតិក្នុងសភាជាមុនសិន និងធ្វើការអនុម័តបន្ទាប់ពីនោះ»។
គួរបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុន Akihito មានព្រះជន្មាយុ ៨៣វស្សាទៅហើយ ដោយទ្រង់បានឡើងគ្រងរាជសម្បត្តិកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ បន្តពីព្រះចៅអធិរាជ Showa។ ព្រះអង្គក៏មានព្រះបុត្រាស្នងរាជ្យមួយអង្គផងដែរ ព្រះនាម Naruhito។ ការចង់ដាក់រាជ្យរបស់ព្រះអង្គនេះ ក៏ព្រោះតែបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ដែលមិនអាចតស៊ូព្រះកាយ នឹងរាជកិច្ចជាច្រើនតទៀតបាន ប៉ុន្តែតាមច្បាប់របស់រាជវង្សជប៉ុន មិនអាចមានផ្លូវណាមួយឲ្យព្រះអង្គដាក់រាជ្យនោះឡើយ ទើបគណៈរដ្ឋមន្ត្រីជប៉ុនចាប់ផ្តើមគិតគូរសម្រួលច្បាប់ឡើងវិញ រហូតមានយល់ព្រមអនុម័តពីរដ្ឋសភាដូចពេលនេះ៕