(កាតា)៖ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ិន អាប់ឌុលរ៉ស់ម៉ាន អាល់ ថានី (Mohammed bin Abdulrahman Al Thani) នឹងបំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី នៅសប្ដាហ៍នេះ ដើម្បីជជែកពិភាក្សាលើបញ្ហានៅក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទំាងពីរ។ នេះបើតាមប្រភពពីក្រសួងការបរទេសរុស្ស៊ី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងគាប់ជួនចំពេលកាតា កំពុងមានជម្លោះការទូតជាមួយ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន និងអេហ្ស៊ីប ដែលបានសម្រេចចិត្តកាត់ផ្ដាច់ចំណងការទូតជាមួយទីក្រុងដូហា ដោយចោទប្រកាន់ថា ទីក្រុងដូហាបានបង្កអស្ថេរភាពនៅក្នុងតំបន់ និងគំាទ្រក្រុមភេរវករ។ ដោយឡែក បើតាមក្រសួងការបរទេសរុស្ស៊ី ទំនាក់ទំនងទ្វេភាគី និងស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា នឹងក្លាយជារបៀបវារៈសម្រាប់ជំនួបនៅថ្ងៃសៅរ៍ ស្អែកនេះ រវាងព្រះអង្គម្ចាស់ អាល់ថានី និង សមភាគីរុស្ស៊ីរបស់លោក គឺលោក សឺជី ឡាវរ៉ូវ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ អាល់ថានី ត្រូវបានគេរំពឹងថា នឹងលើកយកសំណុំរឿងសង្រ្គាមការទូត នៅអារ៉ាប់មកពិភាក្សាជាមួយ លោក សឺជី ឡាវរ៉ូវ ក្នុងគោលបំណងឱ្យរុស្ស៊ីជួយបន្ធូរបន្ថយភាពតានតឹង។
គួររំលឹកថា កាលពីថ្ងៃចន្ទកន្លងទៅ អារ៉ាប៊ីសាអូឌីត, អេមីរ៉ាត់អារ៉ាប់រួម, បារ៉ែន, យ៉េមែន, ម៉ាល់ឌីវ និងអេហ្ស៊ីប បានប្រកាសផ្ដាច់ទំនាក់ទំនងការទូត បិទព្រំដែនគោក-ទឹក និងអាកាសជាមួយកាតាដោយចោទថា ទីក្រុងដូហាគាំទ្រក្រុមចលនា ដែលពួកគេហៅថាជាពួកភេរវករដូចជា ក្រុមហាម៉ាស់ និង Muslim Brotherhood។ ប៉ុន្តែកាតាបានច្រានចោលការចោទប្រកាន់ទាំងនេះ និងអះអាងការសម្រេចចិត្តនេះគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបានជាដាច់ខាត៕