(ម៉ូស្គូ)៖ ការទាមទារឲ្យប្រទេសកាតា ធ្វើការបិទស្ថានីយទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅក្នុងទីក្រុងដូហា ដោយបណ្តាប្រទេស​​​អារ៉ាប់​នៅ​ជាប់ឈូងសមុទ្រពែកនោះ គឺជាឧក្រិដ្ឋកម្មរំលោភបំពានលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិហើយ។ នេះបើតាមការលើក​ឡើង​របស់នាយកស្ថានីយទូរទស្សន៍ Al Jazeera ផ្ទាល់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។

នាព្រឹកថ្ងៃសុក្រនេះ មានសេចក្តីរាយការណ៍ថា ប្រទេសអារ៉ាប់ចំនួនបួន បានតម្រូវឲ្យកាតា កាត់បន្ថយទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ផ្អាក​កិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី និងបិទស្ថានីយទូរទស្សន៍រដ្ឋ Al Jazeera ដើម្បីផ្សះផ្សាទំនាក់ទំនងរវាងគ្នានិងគ្នាឲ្យមានភាពប្រសើរ​ឡើងដូចដើមវិញ។

ជុំវិញរឿងនេះនាយកស្ថានីយទូរទស្សន៍ Al Jazeera លោក Yaser Abuhilala បានប្រតិកម្មភ្លាមៗថា «រូបខ្ញុំជំទាស់ដាច់ខាតចំពោះការទាមទារ​​ឲ្យ​បិទ​ មិនថាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយនោះឡើយ ពីព្រោះថាវាគឺជាបទឧក្រិដ្ឋមួយ... គឺជាការរំលោភបំពានលើសិទ្ធិជាមូលដ្ឋានរបស់​មនុស្សស្តីពីសេរីភាពនៃការបញ្ចេញមតិ។ ហើយប្រសិនបើ Al Jazeera បានប្រព្រឹត្តល្មើសអ្វីមួយនោះ អ្នកណាក៏បានដែរអាចដាក់ពាក្យ​ប្តឹង​បាន មិនថានៅក្នុងតុលាការប្រទេសកាតា ឬតុលាការរបស់ប្រទេសដទៃណាមួយផ្សេងទៀតនោះទេ ត្បិតវាជាសិទ្ធិស្របច្បាប់របស់បុគ្គលគ្រប់រូប​ដែលបានរងគ្រោះដោយសារស្ថាប័នព័ត៌មាន ក៏ប៉ុន្តែការទាមទារឲ្យបិទ Al Jazeera នេះវិញ គឺជាឧក្រិដ្ឋកម្មមួយមិនអាចប្រកែកបាន»

លោក Abuhilala បានបន្ថែមថាស្ថានីយទូរទស្សន៍ Al Jazeera បានផ្សព្វផ្សាយព័ត៌មានទាក់ទងបញ្ហាជម្លោះការទូតរវាងកាតា និងបណ្តារដ្ឋ​​​អារ៉ាប់ដទៃទៀត ចាប់តាំងតែពីថ្ងៃដំបូងមកម្ល៉េះ នៅក្នុងលក្ខណៈប្រកបដោយជំនាញវិជ្ជាជីវៈត្រឹមត្រូវ និងឥតលម្អៀងនោះឡើយ។ ហើយ​​ម៉្យាងវិញទៀត Al Jazeera ថែមទាំងបានអញ្ជើញអ្នកជំនាញជាច្រើន ដែលមានទស្សនៈប្រឆាំងនឹងរដ្ឋាភិបាលកាតាមកផ្តល់បទសម្ភាសន៍ ក៏ដូចជាបទវិភាគទៀតផង ​​​។

សូមរំលឹកថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រូម បារ៉ែន អេហ្ស៊ីប និងបណ្តាប្រទេសមួយចំនួន បានកាត់ផ្តាច់ទំនាក់ទំនង​ការ​ទូតជាមួយកាតា កាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅនេះ ក្រោយពីបានចោទប្រកាន់ទីក្រុងដូហាថា បានគាំទ្រសកម្មភាពក៏ដូចជាក្រុមជ្រុលនិយម និង​បង្ក​អស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ទោះបីជាកាតាបានបដិសេធជាដដែលៗយ៉ាងណាក្តី។ ក្រោយមកបណ្តាប្រទេសទាំងនោះ ក៏បានបិទ​ច្រក​ផ្លូវសមុទ្រ អាកាស និងគោកទៅកាន់កាតា ដែលបាននាំឲ្យមានបញ្ហាកង្វះខាតស្បៀងនៅកាតាតែម្តង៕