(ប៉េកាំង)៖ ការបាក់ដីដ៏ខ្លាំងក្លាមួយបានកើតមានឡើង នៅក្នុងខេត្តស៊ីឈន់ ភាគនិរតីប្រទេសចិននៅព្រឹកថ្ងៃសៅរ៍​នេះតែម្តង ដោយបានសង្កត់ទៅលើលំនៅឋាន ៤០ខ្នង ហើយក្នុងនោះប្រជាជនជាង ១០០នាក់ ត្រូវបានអាជ្ញាធរ​ជឿជាក់កំពុងជាប់នៅក្រោមគំនរដីបាក់នោះផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧។

ផ្ទាំងដីដ៏ធំត្រូវបាន​គេដឹងថា បានរលំចុះមកពី​តំបន់ទីបេ និង Qiang បានធ្លាក់​ទៅលើភូមិ Xinmo នៅវេលាម៉ោង ៦៖០០នាទីព្រឹក​តែម្តង ហើយដែលវា​ក៏បានធ្វើរារាំងដល់ផ្លូវទឹក​ទន្លេឆ្លងកាត់ផងដែរ។ រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះប្រចាំ​ខេត្តស៊ីឈន់ កំពុងតែបន្តប្រតិបត្តិការ​ជីកគាស់ ស្វែងរកមនុស្ស​ជាប់ខ្លួន ប៉ុន្តែគេនៅមិនទាន់​អាចបញ្ជាក់ពី​ចំនួនមនុស្សស្លាប់ ឬរងរបួសនៅ​ឡើយទេ៕