(ម៉ានីល)៖ មន្ត្រីយោធាដែលជាតំណាងឲ្យរដ្ឋាភិបាលហ្វីលីពីនបាននិយាយថា ពួកគេបានជួប​ពិភាក្សាជាមួយនឹងមេដឹកនាំក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ភាគខាងត្បូងប្រទេស ដែលមាន​ទំនោរគាំទ្រក្រុមរដ្ឋអ៊ីស្លាម ISIS ដែលនេះអាចជាយកឱកាសល្អ ដើម្បីបង្កើតកិច្ចចរចាគ្នាមួយ អំឡុងពេលនៃបទឈប់​បាញ់គ្នាដ៏ខ្លី ចំពោះមុខសង្គ្រាមក្នុងទីក្រុង Marawi នៃកោះមីនដាណាវ ភាគខាងត្បូងប្រទេស ដែលត្រូវបានពួកឧទ្ទាមគ្រប់គ្រងជាងមួយខែទៅហើយនោះ។ នេះ​បើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាល្ងាច​ថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០១៧។

មេដឹកនាំក្រុមឧទ្ទាមដែលមានគ្នាចំនួន ០៨នាក់ បានចូលទៅកាន់តំបន់ភាគកណ្តាលទីក្រុង​ Marawi តែម្តង ជាមួយនឹងកងកម្លាំងសង្គ្រោះ។ ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់​ដឹងនៅឡើយទេថា តើបញ្ហាអ្វីខ្លះដែលតំណាងរដ្ឋាភិបាលហ្វីលីពីន និងមេដឹកនាំក្រុមឧទ្ទាម បានធ្វើការពិភាក្សាគ្នា ដោយមាន​លោក Abdullah Maute មេដឹកនាំ​ក្រុមឧទ្ទាម Maute ចូលរួមផងដែរនោះ។

លោកឧត្តម​សេនីយ៍ Dickson Hermoso របស់យោធាហ្វីលីពីន ដែលចូល​និវត្តន៍​និងបានចូលរួម​ក្នុងកិច្ចចរចា​ ដើម្បីរំដោះជនស៊ីវិលដែរនោះ​បាននិយាយថា បទឈប់បាញ់​ដែលមាន​រយៈពេលតែ ០៨ម៉ោង ដើម្បីបញ្ចប់​ពិធីបុណ្យនៃសាសនាអ៊ីស្លាម Eid al-Fitr គឺជាការត្រួសត្រាយ​ទៅរកកិច្ចពិភាក្សាគ្នា ហើយសម្រាប់ព័ត៌មាន​លម្អិតជុំវិញរឿងនេះ លោក Dickson សូមមិនធ្វើការអត្ថាធិប្បាយនោះឡើយ ដើម្បី​ជៀសរវាង រារាំងដល់ឱកាស​នៃ​កិច្ចសន្ទនានា​ពេលខាងមុខនេះទៀត។

គួរបញ្ជាក់ថា ជម្លោះប្រដាប់អាវុធជាងមួយខែ​មកនេះ​នៅក្នុងទីក្រុង Marawi បានផ្តាច់យក​អាយុជីវិតមនុស្ស​អស់យ៉ាងតិច ៣៧៥នាក់ ដោយរួមបញ្ចូល​ទាំងប្រជាជនស្លូត​ត្រង់ ២៦នាក់ និងពលទាហាន​ក៏ដូចជាប៉ូលិស ៦៩នាក់ ខណៈប៉ុន្មានផ្សេង​ទៀតគឺជាក្រុម​សកម្មប្រយុទ្ធ។ លើសពីនេះទៀត ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងទីក្រុងនេះ​ ភាគច្រើន​បានភៀសខ្លួន​ពីលំនៅឋាន​របស់ពួកគេ បន្ទាប់ពីការប៉ះទង្គិចគ្នា​ដោយ​អាវុធ រវាងកងកម្លាំង​រដ្ឋាភិបាល​ហ្វីលីពីន និងក្រុមសកម្មប្រយុទ្ធ​បានផ្ទុះឡើង​កាលពី​ថ្ងៃទី២៣ ខែឧសភា​កន្លងទៅ៕