​(កូឡុំប៊ី)៖ អាជ្ញាធរកូឡុំប៊ី​​បានឱ្យដឹងថា ទូកដឹកអ្នកទេសចរប្រមាណដ៏ច្រើនកុះកររហូតដល់ទៅ ១៧០នាក់ បានលិចនៅក្នុងបឹង Penol ស្ថិតនៅភាគពាយ័ព្យនៃប្រទេស​នៅថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) បានឆក់យក​ជីវិត​មនុស្ស០៩នាក់ ខណៈប្រតិបត្តិការ​ជួយសង្រ្គោះ​​កំពុងបន្តធ្វើឡើង​នៅឡើយ ដើម្បីស្វែងរកមនុស្សបាត់ខ្លួន ២៨នាក់ផ្សេងទៀត។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងប្រាប់អ្នក​សារព័ត៌មាន ប្រធាននាយកដ្ឋានបង្ការគ្រោះមហន្តរាយ​កូឡុំប៊ី លោកស្រី Margarita Moncada បានបញ្ជាក់ជា​បឋមថា មនុស្ស​០៩នាក់បានស្លាប់ និង២៨នាក់នៅតែបន្តបាត់ខ្លួន​នៅឡើយ។ ចំណែកឯមនុស្ស៩៩នាក់ ត្រូវបានជួយសង្រ្គោះភ្លាមៗ​បន្ទាប់ពីទូកឈ្មោះ Almirante បានចាប់ផ្ដើមលិច​ចូលក្នុង​ទឹកបឹង Penol ហើយមនុស្ស​៤០នាក់ផ្សេងទៀត ក៏ត្រូវបានគេ​ស្រង់ចេញពីទឹក​ទាន់ពេលវេលា​ផងដែរ។ បន្ថែមពីនេះអាជ្ញាធរកូឡុំប៊ី ពុំទាន់បញ្ជាក់​ពីមូលហេតុ​ ដែលបណ្ដាលឱ្យ​ទូកដឹកភ្ញៀវទេសចរនេះ​លិចនៅឡើយទេ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ​កូឡុំប៊ី​មនុស្ស២៤នាក់ ត្រូវបញ្ចូនទៅកាន់​មន្ទីរពេទ្យ និង១៣នាក់កំពុង​ស្ថិតនៅក្រោមការត្រួត​ពិនិត្យសុខភាព៕    ​