(ឡុងដ៍)៖ ក្រុមអ្នកតវ៉ា​ជាច្រើននាក់​បានរួមគ្នាដង្ហែរក្បួន​ ធ្វើបាតុកម្មនៅក្នុងទីក្រុងឡុងដ៍​នៃចក្រភពអង់គ្លេស ជុំវិញការបាត់បង់ជីវិត​របស់បុរស​ស្បែក​ខ្មៅ​​វ័យ​ក្មេង​ម្នាក់ ដែលត្រូវបាន​ប៉ូលិសសម្លាប់។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

យុវជនខាងលើមាន​ឈ្មោះថា Edir Frederico Da Costa ត្រូវបានគេវាយ​ដំយ៉ាងហាសាវ បន្ទាប់ពីគេ​ត្រូវបានមន្រ្តីប៉ូលិស​បង្គាប់ឲ្យឈប់​រថយន្ត នៅក្នុងតំបន់ Newham ភាគខាងកើត​ទីក្រុងឡុងដ៍​កាលពីថ្ងៃទី១៥ ខែមិថុនា។ ជុំវិញរឿង​ហេតុនេះ មនុស្សជាច្រើន​បានជឿជាក់ថា ក្រុម​មន្រ្តី​ប៉ូលិស​​ទាំង​​នោះ​បាន​ប្រើ​ប្រាស់​​អំពើ​ហិង្សា និងយកឧស្ម័នបង្ហូរទឹកភ្នែកបាញ់​ទៅលើយុវជនវ័យ២៥ឆ្នាំរូបនោះ នៅមុនពេល​ដែលយុវជន Da Costa ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​នៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏បានបាត់បង់ជីវិត​ទៅ​០៦ក្រោយ គឺកាលថ្ងៃទី២១ ខែដដែល។

គួរបញ្ជាក់ថា ក្រុមបាតុករ​​ខាង​លើ​បាន​រួមគ្នាតវ៉ាចំពោះ​ការស្លាប់របស់ Da Costa នោះបានដុតបំផ្លាញ​សម្ភារៈសាធារណៈ​មួយចំនួន នៅ​លើ​ដង​វិថី Richmond ក្នុង​ទីក្រុងឡុងដ៍ ជាមួយការស្រែក​ទាមទារថា «ពួកយើងចង់​បានយុត្តិធម៌» និង «យុត្តធម៌​សម្រាប់ Da Costa» ស្របពេល​ដែលពួកគេ​បានប៉ះទង្គិចគ្នា​ជាមួយក្រុមមន្រ្តីប៉ូលិសការពារសណ្តាប់ធ្នាប់ នៅខាងក្រៅ​ស្ថានីយ៍ប៉ូលិស Forest Gate។ យ៉ាងណាមិញ យោង​តាម​សារព័ត៌មាន​អង់គ្លេស ពុំមានការចាប់ខ្លួន​ក្រុមបាតុករ​ត្រូវធ្វើឡើង​នោះឡើយ ខណៈប៉ូលិស​​មួយចំនួនបាន​រងរបួសស្រាល៕