(អាមេរិក)៖ កំពុងធ្វើដំណើរសន្សឹមៗ​នៅលើជម្រាល​ជើងភ្នំ Mount Sharp នៃភពអង្គារ (Mars) យានរុករក​ដ៏ឯកោ Curiosity នាពេលថ្មីៗនេះ ត្រូវបានផ្តិត​យករូបភាពពី​ទីអវកាសដោយ យានអង្កេតការណ៍ Mars Reconnaissance Orbiter របស់​អង្គការ NASA តាមរយៈការ​ប្រើប្រាស់​កែវយឺត​អវកាសដ៏ខ្លាំងបំផុត ដែលត្រូវធ្លាប់​បានបញ្ជូនទៅកាន់​ភពក្រហមនេះ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីវែបសាយ PetaPixel នៅព្រឹក​ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

នៅក្នុងរូបភាព​នោះ យានដែលមានបណ្តោយ​ប្រវែងបីម៉ែត្រនេះ បានលេចឡើង ហាក់បីដូចជា​ចំណុចពណ៌ខៀវ​ដ៏តូចមួយ នៅក្នុងចំណោម​​ទិដ្ឋភាពរបស់ភ្នំ Mount Sharp នៅជុំវិញនោះ​ដែលមានពណ៌​ទង់ដែង។ រូបភាពថ្មីនេះ​ត្រូវបានថត​យកកាលពី​ថ្ងៃទី០៥ ខែមិថុនា ដោយប្រើ​ប្រាស់កាមេរ៉ាដ៏មានឥទ្ធិពល HiRISE ទម្ងន់​៦៥គីឡូក្រាម និងតម្លៃ៤០លានដុល្លារ ដែលបំពាក់​នៅលើផ្កាយរណប Mars Reconnaissance Orbiter។

គួរបញ្ជាក់ថា HiRISE តែងតែបាន​ធ្វើការផ្តិតយករូបភាព​នៃយាន Curiosity Rover ដែលបាន​និងកំពុងបំពេញ​បេសកកម្ម​ស្រាវជ្រាវ និងរុករកនៅ​តំបន់រណ្តៅដ៏ធំ Gale ដែល​មានភ្នំ Mount Sharp ជាចំណុចកំពូល​កណ្តាលរបស់វា នៅលើភពអង្គារ​ជារៀងរាល់បីខែម្តង ដើម្បីតាម​ឃ្លាំ​មើល​ក៏ដូចជាត្រួតពិនិត្យទៅលើ​លក្ខណៈ​សណ្ឋាន​ដី​នានា នៅជុំវិញយាននោះ ក្រែងមាន​ការប្រែប្រួល​ដោយសារការ​សឹករិចរឹល​ផ្សេងៗ។

សម្រាប់គោលដៅនៃការនាំមនុស្សទៅភពអង្គារ នៅអំឡុងទសវត្សរ៍ឆ្នាំ២០៣០ គឺនៅតែបន្តដោយឥតប្រែប្រួល​នោះឡើយ ហើយសហរដ្ឋអាមេរិក​ដែលមានអង្គការ NASA ជាអ្នកដឹកនាំរឿងនេះ ក៏បានសន្យាជាច្រើនលើក​ច្រើនសាផងដែរថា នឹងធ្វើឲ្យបានសម្រេច ជាពិសេសនោះគឺការ​ហោះសាកល្បង​ទៅឋានព្រះច័ន្ទ នៅឆ្នាំ២០២០ ដែលជាតំណាក់កាល​ដ៏សំខាន់ សម្រាប់ធ្វើតេស្តយាន ដែលនឹងត្រូវដឹកនាំមនុស្ស និងសម្ភារៈនានាទៅភពអង្គារ ឲ្យបាននៅឆ្នាំ២០៣០៕