(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលី​បានត្រៀម​លក្ខណៈរួចជាស្រេច ដើម្បីចេញច្បាប់​តម្រូវឲ្យ​បណ្តាប្រព័ន្ធ​បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ធ្វើការប្រគល់ជូនព័ត៌មានលម្អិតសំខាន់ៗស្តីពីជនសង្ស័យ​ជាភេរវករ ឬមួយក៏​​ប្រតិបត្តិការ​ភេរវកម្ម ហើយវាគឺជាគម្រោងមួយ ដែលទទួលបាន​​ការគាំទ្រ​យ៉ាងពេញទំហឹង​ពីមជ្ឈដ្ឋាន​នៅទូទាំង​ប្រទេស។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន នាយករដ្ឋមន្រ្តី​អូស្រ្តាលី លោក Malcolm Turnbull បានឲ្យដឹងថា រូបលោក បានជួបជា​មួយថ្នាក់ដឹកនាំ​ របស់បណ្តា​វែបសាយ​ទំនាក់ទំនងសង្គមល្បីៗ ដើម្បីប្រាប់ទៅកាន់​ពួកគេថា ពួកគេមិនអាច​បន្តបើកដៃ​ឲ្យក្រុមភេរករ និងក្រុមជ្រុលនិយម​ទាំងឡាយ ប្រើ​ប្រាស់ប្រព័ន្ធ​អ៊ីនធើណែត ក៏ដូចជា​បណ្តាញសង្គមធំៗ ដើម្បីផ្សព្វ​ផ្សាយមនោគមន៍​វិជ្ជាដ៏ពិសពុល​ របស់ក្រុមទាំង​អស់នោះ​បានទៀត​ឡើយ។

ការលើកឡើងនេះ លោក Turnbull បានឲ្យសញ្ញាថា រូបលោក​នឹងធ្វើដំណើរ​ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ដែលនឹងប្រព្រឹត្ត​ទៅនាពេល​ឆាប់ៗ​ខាងមុខ ក្នុងគោលបំណង​សម្តែងការគាំទ្រ​ដល់របៀបវារៈ​អន្តរជាតិ​មួយ ដែលនឹងធានា​ថា គ្រប់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ នៅ​លើ​ពិភពលោក ត្រូវតែផ្តល់​ព័ត៌មាននានា​ ដែលអាចបង្ក​ជាគ្រោះថ្នាក់​ដល់អាជ្ញាធរ។

គួរបញ្ជាក់ថា គម្រោងនេះ​បានទទួលការគាំទ្រ​យ៉ាងពេញទំហឹង​ ពីសំណាក់អតីតមេទ័ពរួមទាំង​​សមាជិក​​នៃបក្សប្រឆាំង​របស់ប្រទេស​អូស្រ្តាលី ដោយបាន​លើកឡើងថា រដ្ឋាភិបាល​សាកសមនឹងទទួលបាន ការជួយជ្រោមជ្រែង​បន្ថែមខ្លាំងជាងមុន ពីសំណាក់ក្រុមហ៊ុន​ទំនាក់ទំនងសង្គម​ធំៗ​លើពិភពលោក នៅពេលដែលវា​ទាក់ទិននឹងបញ្ហា​បង្រ្កាប និងទប់ស្កាត់​អំពើភេរវកម្ម​ពីព្រោះថា វាមិនគ្រាន់តែ​ជារឿងរបស់​រដ្ឋាភិបាលតែ​ឯង​ ដែលត្រូវដោះស្រាយ​នោះឡើយ តែវាក៏ជា​កាតព្វកិច្ចសង្គម​មួយសម្រាប់ក្រុមហ៊ុន​ទាំងនោះ ត្រូវចាត់ចែង​ទទួលខុស​ត្រូវផងដែរ៕