(ម៉ានីល)៖ អនុប្រធានាធិបតី​ហ្វីលីពីន លោកស្រី Leni Robredo បានបង្ហាញពីក្ដី​សង្ឃឹមថា សង្រ្គាមជា​មួយ​ពួកឧទ្ទាម​ក្នុងទីក្រុង Marawi នឹងត្រូវបញ្ចប់​ក្នុងពេលឆាប់ៗ​នេះ ព្រម ទំាងបាន​ផ្ដល់ការគាំទ្រ​ដល់ជនភៀសខ្លួនពីជម្លោះ​ នៅអំឡុងពេល​លោកស្រីបំពេញ​ដំណើរ​ទស្សនកិច្ចមួយ ដែលជាធម្មតា​ត្រូវដឹកនាំដោយ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប៉ុន្តែប្រធានាធិបតីហ្វីលីពីន​វ័យ​៧២ឆ្នាំរូបនេះ មិនបានបង្ហាញ​មុខជាសាធារណៈ​ អស់រយៈពេលជិត​០៦ថ្ងៃមកហើយ ខណៈពាក្យ​ចចាមអារាម​ជាច្រើនថា លោកកំពុងមានបញ្ហា​សុខភាព។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០១៧។

ការបំពេញដំណើរ​ទស្សនកិច្ច​របស់ លោកស្រី Leni Robredo ទៅកាន់ជំរុំជនភៀស​ខ្លួន​ក្នុងទីក្រុង Balo-in ស្ថិតនៅក្បែរ​ទីក្រុង Marawi ធ្វើឡើងចំពេល​មានពាក្យ​ចចាមអារាមថា លោក ឌូតឺតេ មានបញ្ហា​សុខភាព បន្ទាប់ពី​លោកបានបាត់មុខ​អស់រយៈពេល០៦ថ្ងៃ នៅក្នុង​ខែមិថុនានេះ ដែលនេះ​គឺការអវត្តមានយូរបំផុត គិតចាប់តាំងពី​លោកឡើងកាន់​អំណាច​មួយឆ្នាំមកនេះ។

ជាងនេះ​ទៅទៀត ថ្លែងទៅកាន់​ប្រជាជនជិត ២៥០,០០០នាក់ ​ដែល​កំពុងរត់គេច​ចេញពីជម្លោះ រវាងពួកឧទ្ទាម​មានសម្ព័ន្ធភាព​ជាមួយពួក ISIS និងកងកម្លាំង រដ្ឋាភិបាល​ហ្វីលីពីន លោកស្រី Robredo ក៏មិនបាននិយាយ​ពីឈ្មោះលោក ឌូតឺតេ ដែរ ដោយលោកស្រី​គ្រាន់តែបញ្ជាក់​យ៉ាងដូច្នេះថា «យើងទាំងអស់គ្នា​សង្ឃឹមថា​ ការវាយប្រយុទ្ធគ្នា​នឹងបញ្ចប់ក្នុងពេល​ឆាប់ៗនេះ ហើយអ្នក​ទំាងអស់គ្នា​អាចនឹងត្រឡប់​ទៅផ្ទះវិញ​រៀងៗខ្លួន... ចំណែក​ឯរដ្ឋាភិបាល នឹងធ្វើអ្វីៗគ្រប់​យ៉ាងតាម​ដែលអាចធ្វើទៅបាន ដោយយើងនៅតែ​សង្ឃឹមថា ជម្លោះនឹងបញ្ចប់​ក្នុងពេល​ឆាប់ៗ​នេះ»

គួរបញ្ជាក់ថា អ្នកនាំពាក្យ លោក ឌូតឺតេ មិនបាន​ធ្វើការអត្ថាធិប្បាយណា​មួយ ពាក់ព័ន្ធនឹងអវត្តមាន​របស់លោក​ឡើយ។ ក៏ប៉ុន្តែ​លោក Salvador Panelo ជាមិត្តជិតស្និទ្ធម្នាក់របស់ លោក ឌូតឺតេ បានអះអាងថា លោកប្រធានាធិបតីគឺរឹងមាំដូចជាគោព្រៃ​មួយក្បាលអ៊ីចឹង ហើយលោក​នឹងបង្ហាញមុខ​ជាសាធារណៈ និងចូលរួមប្រជុំ​គណៈរដ្ឋមន្ត្រី​នៅថ្ងៃអង្គារ​ស្អែកនេះ៕