(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះបានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលផែនការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ក្នុងតម្លៃ១.២៤ពាន់លានដុល្លារ ត្បិតសម្រាប់ចិន កោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង ដកស្រង់ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែ លោក លូ កាង បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក គួរតែបញ្ឈប់ទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ ដើម្បីបញ្ជៀសកុំឱ្យមានការបំផ្លាញដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ»។ គំរោងលក់សព្វាវុធ ទៅឲ្យកោះតៃវ៉ាន់នេះ ដែលសហរដ្ឋអាមេរិកផ្តល់ការអនុញ្ញាតនោះរួមមាន មីស៊ីលទំនើបៗ និងអាវុធការពារដែនអាកាសជាច្រើនគ្រាប់ ទើបជាហេតុបានបណ្តាលឲ្យចិនខឹងសម្បារក្នុងចិត្តជាខ្លាំង និងធ្វើការថ្កោលទោសអាមេរិក។
ចំណែកឯកអគ្គរដ្ឋទូតចិនប្រចាំអាមេរិក លោក Cui Tiankai ក៏បានលើកឡើងដែរថា «ទង្វើទាំងអស់នេះរួមមានការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងជាពិសេសទៅទៀតនោះ គឺការលក់អាវុធដែលមានតម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារ ទៅឲ្យតៃវ៉ាន់នេះតែម្តងនឹងជះផលប៉ះពាល់អវិជ្ជមានប្រាកដណាស់ ទៅលើភាពជឿទុកចិត្តគ្នាទៅវិញទៅមក រវាងចិន-អាមេរិក និងផ្ទុយស្រទ្បះពីឆន្ទៈនៃជំនួបទល់មុខគ្នាដ៏វិជ្ជមានរវាងលោកលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅឯរមណីយដ្ឋាន Mar-a-Lago នៃរដ្ឋផ្លូវរីដាកាលពីខែមេសាកន្លងទៅ»។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអាមេរិក អាវុធត្រូវលក់ឱ្យតៃវ៉ាន់ នោះមានដូចជា មីស៊ីលបាញ់ចេញពីផ្ទៃអាកាសទៅផ្ទៃដី AGM-88B HARM ចំនួន៥០គ្រាប់, AGM-88B Training HARM ចំនួន១០គ្រាប់ ក៏ដូចជាមីស៊ីលការពារដែនអាកាស Standard Missile-2 (SM-2) Block IIIA AUR ចំនួន១៦គ្រាប់, Mk 93 MOD 1 SM-2 Block IIIA GS ចំនួន៤៧គ្រាប់, MK 45 MOD 14 SM-2 Block IIIA TDD ចំនួន០៥គ្រាប់ រួមទាំងគ្រាប់បែបប្រឆាំងនាវាទម្ងន់ធ្ងន់ MK 48 Mod 6AT Heavweight Torpedo (HWT) ចំនួន៤៦គ្រាប់ផងដែរ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា «រដ្ឋាភិបាលបានផ្តល់ដំណឹងជូនសភាជាផ្លូវការហើយ អំពើសំណើចំនួន០៧ស្តីពីការលក់សព្វាវុធទៅឲ្យកោះតៃវ៉ាន់ ហើយនាពេលនេះវាមានតម្លៃសរុបប្រមាណ ១.៤២ពាន់លានដុល្លារ»។ យ៉ាងណាមិញអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ថា គោលជំហររបស់សហរដ្ឋអាមេរិក ក្នុងការគោរពតាមគោលនយោបាយចិនតែមួយនោះគឺពុំមានការផ្លាស់ប្តូរនោះឡើយ៕