(ហុងកុង)៖ ទីបំផុតលោកស្រី Carrie Lam ត្រូវបានលោក ស៊ី ជិនពីង ប្រកាសទទួលស្គាល់ជាផ្លូវការហើយ នៅក្នុងពិធីស្បថឡើងកាន់តំណែងជាអភិបាលថ្មី នៃតំបន់រដ្ឋបាលពិសេសហុងកុង សម្រាប់អាណត្តទី០៥ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧នេះ ជំនួសឲ្យលោក Leung Chun-ying ជាអភិបាលមុនដែលផុតអាណត្តិ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia ដកស្រង់ពីបណ្តាញព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
សន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំង នៅឯតំបន់កំពង់ផែនិមិត្តរូប នៃទីក្រុងហុង មានតាំងរូបសំណាកផ្កាពណ៌មាសដ៏ធំ (នៅលើទង់ជាតិទីក្រុងហុងកុង) ដែលត្រូវបានបង្កើតឡើងកាលពីពីរទសវត្សរ៍មុន ដើម្បីអបអរសាទរដល់ការបានត្រឡប់មកវិញ នូវទីក្រុងហុងកុងពីអាណានិគមអង់គ្លេស ដោយសារតែមានបាតុករវ័យក្មេងជាច្រើននាក់ បានធ្វើការតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជិនពីង ដែលបានអូសបន្លាយតាំងពីមុនថ្ងៃ លោកមកដល់ទីក្រុងហុងកុងនេះ កាលពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ។
គួរបញ្ជាក់ថា ថ្លែងក្នុងឱកាសមកដល់ទីក្រុងហុងកុងភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបង្ហាញការប្តេជ្ញាថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងជួយគាំទ្រជានិច្ចចំពោះការអភិវឌ្ឍសេដ្ឋកិច្ច នៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) និងលើកស្ទួយសុខុមាលភាពនៃប្រជាជនទាំងអស់ របស់ទីក្រុងភាគនិរតីមួយនេះផងដែរ។
លោក ស៊ី ជិនពីង បានមកដល់ទីក្រុងហុងកុងនាពេលនេះ ដើម្បីចូលរួមក្នុងពិធីរំលឹកខួបទី២០ឆ្នាំគត់ ដែលតំបន់រដ្ឋបាលពិសេសលំដាប់កំពូលរបស់ចិនមួយនេះ ត្រូវបានអាណានិគមអង់គ្លេស ព្រមដកចេញ និងប្រគល់ឲ្យទីក្រុងប៉េកាំងគ្រប់គ្រងជាផ្លូវការ កាលពីឆ្នាំ១៩៩៧។
លោក ស៊ី ជិនពីង ដែលមានតួនាទីជាអគ្គលេខាធិការ នៃគណកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធាននៃគណកម្មការយោធាមជ្ឈិមផងដែរនោះ នឹងស្ថិតនៅទីក្រុងភាគអាគ្នេយ៍ប្រទេសចិនមួយនេះ រហូតដល់ថ្ងៃសៅរ៍ ដើម្បីអបអរទិវាខួបទី២០ឆ្នាំ និងចូលរួមធ្វើជាប្រធានកិត្តិយស នៃពិធីឡើងកាន់តំណែងរបស់ ប្រធានប្រតិបត្តិថ្មីនៃទីក្រុងហុងកុង (អភិបាលក្រុង) លោកស្រី Charrie Lam និងគណៈរដ្ឋមន្ត្រីរបស់លោកស្រីផងដែរ។
គួរបញ្ជាក់ថា ទីក្រុងហុងកុងជាតំបន់ដែលមានសេដ្ឋកិច្ចលូតលាស់ខ្លាំងបំផុតប្រចាំតំបន់អាស៊ី និងប្រទេសចិន ហើយដែលទីក្រុងនេះក៏តែងតែរីករាយនឹងសិទ្ធិស្វ័យភាព បន្ទាប់ពីចិន និងអង់គ្លេសបានចុះហត្ថលេខាដោះដូរ ទីក្រុងភាគអាគ្នេយ៍ប្រទេសចិននេះមកវិញកាលពីឆ្នាំ១៩៩៧ផងដែរ បន្ទាប់ពីការដាក់អាណនិគមនៅអំឡុងទសវត្សរ៍ឆ្នាំ១៨៤០៕