(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានថ្លែងឲ្យដឹងថា លោកនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឯកគ្នាលើវិធីសាស្រ្តបង្កើតដំណាក់កាលដ៏ទូលំទូលាយមួយ ដើម្បីលុបបំបាត់អាវុធប្រល័យលោករបស់កូរ៉េខាងជើង ដែលនឹងអនុញ្ញាតឲ្យមានការចរចាបានឆាប់រហ័ស ជាមួយទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
ក្នុងឱកាសនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅក្រោយជំនួបកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅឯសេតវិមាន លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា ភាពអត់ធ្មត់ជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិក បានដល់ទីបញ្ចប់ហើយ ជាមួយរបបដឹកនាំដ៏ធ្វេសប្រហែស និងសាហាវឃោឃៅមួយនេះ ហើយលោក ត្រាំ បានព្រមានធ្ងន់ៗថា នឹងចាត់វិធានការឆ្លើយតបដ៏សាកសមមួយ ទៅលើការគំរាមកំហែងនុយក្លេអ៊ែរ-មីស៊ីលរបស់កូរ៉េខាងជើង។
ជាមួយគ្នានោះលោក មូន ជែអ៊ីន ក៏បានលើកឡើងដែរថា «បញ្ហាដ៏សំខាន់ដែលកំពុងប្រឈមជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ គឺការគំរាមកំហែងនៃអាវុធប្រល័យលោក របស់របបដឹកនាំទីក្រុងព្យុងយ៉ាង។ ប្រធានាធិបតី ដូណាល់ ត្រាំ និងរូបខ្ញុំ បានព្រមព្រៀងគ្នាក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើការសម្របសម្រួលវិធានការពាក់ព័ន្ធនានារបស់ពួកយើង ស្របពេលដែលកំពុងកំណត់អាទិភាព ទៅលើដំណោះស្រាយនៃបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង»។
មេដឹកនាំថ្មីកូរ៉េខាងត្បូងរូបនេះបានបន្តថា «ដើម្បីសម្រេចគោលដៅនេះ ពួកយើងដែលជាប្រមុខរដ្ឋនៃប្រទេសទាំងពីរបានមូលមតិគ្នាលើភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហាដ៏សំខាន់នេះ ដោយផ្អែកលើវិធីសាស្រ្តបែបដំណាក់កាលដ៏ទូលំទូលាយមួយ តាមរយៈការប្រើប្រាស់ទណ្ឌកម្មផ្សេងៗ រួមទាំងកិច្ចចរចាជាដើម»។ ជាចុងក្រោយលោកប្រធានាធិបតីកូរ៉េខាងត្បូង ក៏បានថ្លែងអំណរគុណចំពោះសមភាគីរបស់លោក សម្រាប់ការប្តេជ្ញាយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង និងក្នុងការបង្កើតសន្តិភាពយូរអង្វែងនៅតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា លោក មូន ជែអ៊ីន ក៏បានឆ្លៀតឱកាសធ្វើការអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៧ នេះផងដែរ ហើយលោកប្រធានាធិបតីអាមេរិកក៏បានយល់ព្រមចំពោះការអញ្ជើញនេះ។ ម៉្យាងវិញទៀតមេដឹកនាំនៃប្រទេសទាំងពីរ ត្រូវបានគ្រោងថា នឹងជួបគ្នាជាលើកទីពីរ នៅក្នុងអំឡុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំកំពូលG20 ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧ ខែកក្កដា ពោលគឺចុងសប្តាហ៍ក្រោយនេះ នៅទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់ ដើម្បីចូលរួមកិច្ចពិភាក្សាត្រីភាគីមួយ ដែលនឹងមានការចូលរួមពីសំណាក់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ៕