(ហុងកុង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃសៅរ៍នេះបានព្រមានធ្ងន់ថា ទីក្រុងហុងកុងមានអាចថ្លោះធ្លោយ ឲ្យមានការបែកបាក់កើតមានឡើង ដោយសារតែទង្វើធ្វេសប្រហែស ឬក៏បញ្ហាជម្លោះផ្ទៃក្នុងណាមួយជាដាច់ខាត នៅចំពោះមុខភាពប្រកួតប្រជែងក្នុងសកលលោកដ៏តានតឹង ដូចពេលបច្ចុប្បន្ននេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
លោក ស៊ី ជិនពីង បានទទួលស្គាល់ថា ហុងកុងគឺជាសង្គមបែបពហុវចនៈ ដែលមានចក្ខុវិស័យផ្សេងគ្នា និងសូម្បីតែភាពខុសគ្នាយ៉ាងផ្ទុយស្រឡះ ជុំវិញបញ្ហាជាក់លាក់មួយចំនួន ក៏ប៉ុន្តែការធ្វើឲ្យអ្វីៗទៅជារឿងនយោបាយ ឬការបង្កភាពខ្វែងគំនិតគ្នា ក៏ដូចជាការញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាដោយចេតនានោះ នឹងមិនអាចដោះស្រាយបញ្ហាបាននោះឡើយ ហើយផ្ទុយទៅវិញកត្តាទាំងនោះ មិនអាចជួយអ្វីបានក្រៅពីបង្កការរារាំងយ៉ាងខ្លាំងដល់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ទីក្រុងហុងកុងតែប៉ុណ្ណោះ។
លោកប្រធានាធិបតីចិនបានបន្ថែមថា «ហុងកុងគឺជាទីក្រុងដ៏សម្បូរបែបមួយ តែព្រមពេលជាមួយគ្នា វាក៏កំពុងប្រឈមមុខជាមួយបញ្ហាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដែលបង្កឡើងដោយការផ្លាស់ប្តូរដ៏ឆាប់រហ័សភ្លាមៗ នៅក្នុងបរិស្ថានសេដ្ឋកិច្ចសកល និងការកើនឡើងនៃភាពប្រកួតប្រជែងអន្តរជាតិយ៉ាងស្វិតស្វាញ»។
គួរបញ្ជាក់ថា លោក ស៊ី ជិនពីង បានថ្លែងក្រើនរំលឹកបែបនេះ នៅអំឡុងពេលចូលរួមជាកិត្តិយសនៅក្នុងពិធីអបអរសាទរ ទិវាគម្រប់ខួប២០ឆ្នាំនៃវិលត្រឡប់របស់ទីក្រុងហុងកុងមកកាន់ចិនដីគោកវិញ និងពិធីស្បថឡើងកាន់តំណែងរបស់មេដឹកនាំថ្មីនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)៕