(បាងកក)៖ ស្ថាប័នរដ្ឋមួយចំនួននៅក្នុងប្រទេសថៃបានប្រកាសថា ពួកគេមានលទ្ធភាពទិញយកជ័រកៅស៊ូពីទីផ្សារក្នុងស្រុក ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃយ៉ាងគំហុកនាពេលបច្ចុប្បន្ន។ នេះបើតាមការថ្លែងពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី លោក Ormsin Chivapruck បាននិយាយថា ស្ថាប័នរដ្ឋចំនួន ១០ បានបញ្ជាក់រួចហើយថា ពួកគេនឹងរួមគ្នាទិញជ័រកៅស៊ូ ២០,០០០តោន ក្នុងចំណោមផលិតសរុបដែលកំពុងកកស្ទះនៅលើទីផ្សារចំនួន ១០៤,០០០តោន កំពុងតម្កល់ទុកនៅក្នុងឃ្លាំងរបស់រដ្ឋ។ រដ្ឋភិបាលថៃបានបង្ហាញក្តីរំពឹងថា ស្ថាប័នរដ្ឋមួយចំនួនទៀត នឹងអាចមានលទ្ធភាពទិញជ័រកៅស៊ូបន្ថែម តបតាមការអំពាវនាវកន្លងមក។
មន្ត្រីជាន់ខ្ពស់ខាងលើនេះ បានបន្ថែមទៀតថា អាជ្ញាធរជ័រកៅស៊ូរបស់ថៃ មានគំរោងក្នុងការប្រមែប្រមូលប្រាក់ ៣៤.៣លានដុល្លារអាមេរិក នៅក្នុងការជួយគាំទ្រដល់គំរោងរបស់រដ្ឋាភិបាល ក្នុងការរក្សាតម្លៃជ័រកៅស៊ូនៅលើទីផ្សារក្នុងស្រុក ដែលកំពុងតែធ្លាក់ថ្លៃយ៉ាងគំហុកនេះ។ លោក Ormsin នឹងចាកចេញទៅប្រទេសម៉ាឡេស៊ីនៅសប្តាហ៍ក្រោយនេះ ដើម្បីធ្វើការពិភាក្សាអំពីវិធីរក្សាតម្លៃជ័រកៅស៊ូលើទីផ្សារ ដែលមានប្រទេសបីបានចងក្រងគ្នាជាគណកម្មាធិការ នៃប្រតិបត្តិការទីផ្សារយុទ្ធសាស្ត្រ ដូចជាថៃ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា តម្លៃជ័រកៅស៊ូនៅក្នុងប្រទេសថៃ បានធ្លាក់ចុះមកនៅទាបបំផុតមិនធ្លាប់មាន គឺ ៥៩.៩បាត ឬ ១.៤៨ដុល្លារក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលតម្លៃជ័រកៅស៊ូគឺរហូតដល់ទៅ ៨០បាត ឬ ២.២៨ដុល្លារក្នុងមួយគីឡូក្រាមឯណោះ៕