(ឡុងដ៍)៖ ចក្រភពអង់គ្លេសនឹង​ចំណាយលុយ ៥០លានដុល្លារ​សហរដ្ឋអាមេរិក ​ទៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ដ៏​ទំនើបមួយ ដែលនឹង​​អាច​​បង្កើន​​សមត្ថភាព​​ការពារខ្លួន​របស់​យន្តហោះចម្បាំង​ប្រភេទទីហ្វុង ឲ្យកាន់តែខ្លាំង​ថែមទៀត​​បាន (Typhoon)។ នេះបើ​តាម​​ការចេញ​ផ្សាយ​ដោយ ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Michael Fallon បានថ្លែង​ឲ្យដឹងថា «កងកម្លាំង​យោធា​របស់យើង កំពុងប្រឈមមុខ​យ៉ាងខ្លាំង​ជាមួយ​ការគំរាមកំហែង​ផ្សេងៗ ដែលមានការប្រែប្រួល​ឥតឈប់ឈរ មិនទៀងទាត់នោះឡើយ ដូច្នេះហើយយើង​ត្រូវតែធ្វើការបណ្តាក់​ទុនវិនិ​យោគ​ទៅលើបច្ចេកវិទ្យាថ្មី​ៗ និងទំនើបៗ ដើម្បីធានាថា ពួកគេមានលទ្ធភាព​ក៏ដូចជាសមត្ថភាព ក្នុងការបំពេញ​ប្រតិបត្តិការ នៅលើដែន​ដី​​របស់​សត្រូវ»

គួរបញ្ជាក់ថា កិច្ចព្រមសន្យា​នៃការអភិវឌ្ឍ​បច្ចេកវិទ្យានេះ ត្រូវបានប្រគល់​ជូន​ក្រុមហ៊ុន Leonardo មានមូលដ្ឋាន​នៅចក្រភពអង់​គ្លេស ដែលនឹងធ្វើការ​បង្កើនសមត្ថភាព​នៃប្រព័ន្ធការពារខ្លួន DASS របស់យន្តហោះ​ចម្បាំង Typhoon។ ប្រព័ន្ធនេះ​មានសមត្ថភាព ធ្វើការការ​ពារ​យន្តហោះចម្បាំង Typhoon ពីយន្តហោះចម្បាំង​របស់សត្រូវ និងការវាយប្រហារ​ដោយគ្រាប់មីស៊ីលបាន។ ដោយឡែក​យន្តហោះ​ចម្បាំង Typhoon គឺជាយន្តហោះ​ចម្បាំងមានសមត្ថភាព​ចម្រុះច្រើនបែប ដែលអាច​បំពេញបេសកក​ម្មវាយប្រហារ​ពីលើដែនអាកាស ទៅ​កាន់ផ្ទៃដី​បានដោយប្រសិទ្ធភាព​ខ្ពស់ និងអាចបំពាក់​សព្វាវុធ​ក៏ដូចជាសម្ភារៈ​ផ្សេងៗ បានច្រើនប្រភេទ​យ៉ាងសម្បូរបែប៕