(វ៉ាស៊ីនតោន)៖ កងទ័ពជើងទឹក​របស់​សហរដ្ឋអាមេរិក ទីបំផុតនឹង​សម្រេចដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការហើយ នូវនាវា​ដឹកយន្តហោះ​​ចម្បាំង​ជំនាន់​ថ្មី​​បំផុត​​របស់ខ្លួន​ មានឈ្មោះថា Gerald R. Ford ដែលមាន​តម្លៃដល់​ទៅប្រមាណ ១៣ពាន់លានដុល្លារ នាថ្ងៃទី២២ ខែកក្កដា​ស្អែកនេះ ក្រោម​ការ​​អញ្ជើញ​ចូលរួមជា​អធិបតីភាព​ពី​ប្រ​ធា​នា​ធិប​តី ​លោក ដូណាល់ ត្រាំ បន្ទាប់វា​ត្រូវ​បានដំណើរការ​សាកល្បង ចាប់តាំងពី​ខែឧសភា​កន្លងទៅ ហើយ​ឆ្លង​​កាត់​ការកែតម្រូវ​បញ្ហាមួយ​ចំនួនរួមមក។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​សេចក្តីប្រកាស​ជូនដំណឹង របស់ក្រសួងការពារជាតិ​អាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើ​ការថ្លែង​សុន្ទរកថា នាឱកាស​ចូលរួមក្នុងពិធី​ដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការរបស់​កងទ័ពជើងទឹក​អាមេរិក នូវនាវា​ដឹកយន្តហោះ​ចម្បាំង​ជំនាន់ថ្មី Gerald R. Ford នាថ្ងៃសៅរ៍​សប្តាហ៍នេះ (ពេលវេលា​នៅសហរដ្ឋអាមេរិក)។

ក្រសួងការពារជាតិ​អាមេរិក​បានលើកឡើងថា USS Gerald R. Ford គឺជានាវា​ដំបូងគេក្នុង​ចំណោមនាវា​ដឹកយន្តហោះ​ចម្បាំង​ប្រភេទ Ford ដែល​ជា​ប្រភេទថ្មី​សន្លាងបំផុត នៅក្នុងអំឡុង​ពេលជាង ៤០ឆ្នាំកន្លងទៅនេះ។ យោងតាម​សេចក្តី​ប្រកាស​ដដែល កងទ័ព​ជើងទឹក​អាមេរិក​បាន​គ្រោង​នឹង​ចំណាយថវិកា​ប្រមាណ ៤៣ពាន់លានដុល្លារ ទៅលើការអភិវឌ្ឍ​ក៏ដូចជាសាងសង់​ នាវាដឹកយន្តហោះ​ចម្បាំង​ប្រភេទ Ford នេះចំនួនបី​គ្រឿង រួម​មាន​Gerald R. Ford (CVN 78) នេះផ្ទាល់, John F. Kennedy (CVN 79), និង Enterprise (CVN 80)៕

គួរបញ្ជាក់ថា នាវាដឹក​យន្តហោះ​ចម្បាំងថ្មីនេះ ត្រូវបានដាក់​ឈ្មោះឲ្យតាម​ប្រធានាធិបតីទី ៣៨នៃសហរដ្ឋអាមេរិក។ លោក Ford បានក្លាយជា​មេដឹក​នាំអាមេរិក​បន្ទាប់ពី លោក Richard Nixon បានលាលែងចេញពីតំណែង នៅចំពោះមុខ​រឿងអាស្រូវ Watergate កាលពី​ឆ្នាំ១៩៧៧៕