​(វ៉ាស៊ីនតោន)៖ វាបានកន្លងផុតទៅ ០៦ខែហើយ​ចាប់តាំងពី លោក ដូណាល់ ត្រាំ ឡើងកាន់​តំណែងជា​ប្រធានាធិបតី​អាមេរិក​ ពោរពេញដោយ​ភាពចម្រូងចម្រាស​ និងរឿងអាស្រូវ​ជាច្រើន។ ជាពិសេស​ពាក់ព័ន្ធនឹង​ការជ្រៀតជ្រែក​របស់រុស្ស៊ី នៅក្នុង​កិច្ចការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​កាលពី​ឆ្នាំ២០១៦​ដែលបានធ្វើ​ឱ្យអ្នកនយោបាយ​អាមេរិក​បែកបាក់គ្នា ហើយមន្ត្រី​ជាន់ខ្ពស់ខ្លះ​លាលែងពីតំណែង និងអ្នកខ្លះទៀត​ត្រូវបណ្ដេញ​ចេញពី​តំណែង។ នេះបើតាមការ​ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

បើសិនជាគេ​និយាយពី​រឿងនយោបាយ លោក ត្រាំ មិនសូវ​ជាទទួលបាន​ជោគជ័យ​ជាដុំកុំភួន​អ្វីនោះទេ តែបែរជា​បង្កព្យុះភ្លៀង និងធ្វើឱ្យអ្នក​នយោបាយ​អាមេរិក​បែកបាក់គ្នា​ ដោយសារ​តែរឿងអាស្រូវ​ដែលខ្លួនបាន​បង្កើតឡើង​ទៅវិញ ខណៈ​សហរដ្ឋអាមេរិក កំពុងបាត់បង់​ប្រជាប្រិយភាព​ជាមេដឹកនាំ​ពិលោកនៅ​លើឆាក​អន្តរជាតិ បន្ទាប់ពី​រដ្ឋបាល លោក ត្រាំ សម្រេច​ចិត្តដក​ខ្លួនចេញពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរប៉ាស៊ីហ្វិក TPP និងកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ស្ដីពី​អាកាសធាតុ។

ដោយឡែក បើតាមការស្ទង់មតិជាច្រើន​កាលពីខែមករា ប្រជាប្រិយភាព​នៃអតីត​មហាសេដ្ឋី​អចលនទ្រព្យរូបនេះ​ស្ថិតនៅក្នុងអាត្រា ៤៧.៨ភាគរយ តែក្រោយ​មានជម្លោះជា​មួយបណ្ដា​សារព័ត៌មាន​អាមេរិក ការគំាទ្រ​របស់លោក​ធ្លាក់មកនៅត្រឹម​តែ ៣៨ភាគរយ នៅចន្លោះពី​ខែមិថុនា ដល់ខែកក្កដា ចំណែកឯ​ចំនួនអ្នកមិនគាំទ្រ​ក៏បានហក់​ឡើងពី ៤១ភាគរយ ដល់ ៥៦ភាគរយផងដែរ គិតត្រឹមរយៈពេល​ដូចគ្នា។

ទោះជា​យ៉ាងនេះក្ដី គេមិនអាចប្រកែក​បានឡើយថា នៅក្រោមការ​ដឹកនាំ​របស់ លោក ត្រាំ អស់​រយៈពេល​ជាង ០៦ខែមកនេះ សេដ្ឋកិច្ច​អាមេរិក​មានសន្ទុះខ្លាំង ដោយក្នុង​នោះអត្រា​អ្នកគ្មាន ការងារធ្វើបានធា្លក់ចុះពី ៤.៨ភាគរយ ​កាលពី​ខែមករា មកនៅត្រឹម​ ៤.៤ភាគរយ នៅក្នុង​ខែមិថុនា ឆ្នាំ២០១៧ ស្របពេល​បំណុលជាតិធ្លាក់ចុះ​ពី ១៩.៩៤៧ទ្រីលានដុល្លារ កាលពី​ថ្ងៃទី២០ ខែមករា ដល់ ១៩.៨៤៤ទ្រីលានដុល្លារ គិតត្រឹម​ថ្ងៃទី២០ ខែមិថុនា។

ជាងនេះ​ទៅទៀត ​លោក ត្រាំ ក៏បានអនុវត្តន៍តាមពាក្យ​សន្យាជាច្រើន ហើយដែល​ពាក្យសន្យាទាំងនេះ​ ធ្វើឱ្យលោក​រកប្រាក់​ចំណេញ និងបង្កើត​ការងារមិនតិច​នោះទេ នៅក្នុង​សហរដ្ឋអាមេរិក តាមរយៈ​ការលក់​អាវុធជាង ១១០ពាន់លានដុល្លារ​ឱ្យអារ៉ាប៊ីសាអូឌីត, កាតា ១២ពាន់លានដុល្លារ, ប៉ូឡូញ ០៨ពាន់លានដុល្លារ ព្រមទាំង​ឈានដល់ ការព្រមព្រៀង​លក់មីស៊ីលមាន​តម្លៃជាង​ ១.៤ពាន់លានដុល្លារ​ឱ្យកោះតៃវ៉ាន់​ផងដែរ៕