(បរទេស)៖ ទីបំផុតកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីលចំនួនមួយគ្រាប់សាជាថ្មីម្តងទៀតហើយ ដែលទំនងជាបានធ្លាក់ទៅក្នុងសមុទ្រជប៉ុន។ នេះបើតាមការផ្សាយដោយសារព័ត៌មានអង់គ្លេស BBC នៅមុននេះបន្តិចនាយប់ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០១៧។
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រាប់ថា មីស៊ីលនោះទំនងជាបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ ដែលស្ថិតក្នុងដែនសមុទ្រជប៉ុន ដែលហោះមានចំងាយប្រមាណ១០០០គីឡូម៉ែត្រ។ ជាមួយគ្នានេះ អគ្គសេនាធិការចម្រុះនៃយោធាកូរ៉េខាងត្បូង ក៏បានឲ្យដឹងផងដែរថា មីស៊ីលនេះត្រូវបានបាញ់ចេញពីខេត្ត Jagang ភាគខាងជើង នៃប្រទេសកូរ៉េខាងជើង កាលពីវេលាម៉ោង១១៖៤១នាទីយប់ថ្ងៃសុក្រនេះ (ម៉ោងនៅកូរ៉េខាងត្បូង)។ ម៉្យាងវិញទៀត ក្រសួងការពារជាតិអាមេរិក ក៏បានបញ្ជាក់ដែរថា សកម្មភាពបាញ់គ្រាប់មីស៊ីលផ្លោងចំនួនមួយគ្រាប់ ត្រូវចាប់សញ្ញាបានពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែកក្កដា ទីក្រុងព្យុងយ៉ាង ទើបតែបានប្រកាសអំពីជោគជ័យនៃការធ្វើតេស្តបាញ់សាកល្បង មីស៊ីលផ្លោងចំនួនមួយគ្រាប់ ដែលជាប្រភេទឆ្លងទ្វីប ICBM ហើយប៉ុណ្ណោះ៕