(អាមេរិក)៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ (ពេលវេលានៅអាមេរិក) មនុស្សនៅទូទាំងសហរដ្ឋអាមេរិក នឹងមើលឃើញព្រះអាទិត្យលិចបាត់ទាំងស្រុង នៅពីក្រោយព្រះច័ន្ទ ដែលនឹងប្រែក្លាយថ្ងៃទៅជាយប់ ហើយធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះយ៉ាងឆាប់រហ័ស និងបញ្ចេញពន្លឺស្រាងៗពាសពេញផ្ទៃមេឃ ជុំវិញព្រះច័ន្ទដ៏ខ្មៅក្រឹប ដោយខណៈវេលានោះ សហរដ្ឋអាមេរិកនឹងធ្លាក់ក្រោមវិថីនៃសូរ្យគ្រាសដ៏ពេញលេញមួយតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space.com នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧។
ព្រឹត្តិការណ៍មានឈ្មោះថា Great American Total Solar Eclipse នឹងធ្វើឲ្យផ្ទៃមេឃប្រែក្លាយជាពណ៌ខ្មៅ ចាប់តាំងតែពីរដ្ឋ Uregon រហូតដល់រដ្ឋ South Carolina នៅលើផ្ទៃដីដែលមានទំហំមុខកាត់ប្រហែល ១១៣គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍ដ៏កម្របែបនេះ និងជាលើកដំបូងក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ នឹងទាក់ទាញមនុស្សរាប់លាននាក់ទស្សនា។
គួរបញ្ជាក់ថា ហេតុការណ៍សូរ្យគ្រាសពេញលេញនេះ ដែលនឹងមានរយៈពេលត្រឹមតែ ០២នាទីប៉ុណ្ណោះនោះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ប្រចាំប្រវត្តិសាស្រ្តបាត់រួចទៅហើយ ស្របពេលដែលមនុស្សដ៏ច្រើនរហូតដល់ ៧.៥លាននាក់ ត្រូវបានគេរំពឹងថា នឹងទន្ទឹងរង់ចាំមើលបាតុភូតអវកាសដ៏អស្ចារ្យមួយនេះ៕