​(ប៉េកាំង)៖ ទិន្នន័យចុងក្រោយ​ ដែលត្រូវបានផ្ដល់ដោយក្រសួងរតនាគារ​ជាតិអាមេរិកបានបង្ហាញថា ប្រទេសចិនបានត្រឡប់មក​ក្លាយជា ម្ចាស់កាន់​កាប់ប័ណ្ណបំណុល​រតនាគារ​អាមេរិក ធំជាងគេបំផុត​នៅលើ​ពិភពលោកសាជាថ្មី​កាលពី​ខែមិថុនា ពោលគឺ ០៩ខែ បន្ទាប់ពីជប៉ុនបាន​គ្រប់គ្រងតំណែង​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧។

យោងតាមទិន្នន័យ​នេះដដែល ការកាន់កាប់ប័ណ្ណរតនាគារអាមេរិករបស់ចិន​បានកើនឡើង ៤៤.៣ពាន់លាន​ដុល្លារ​អាមេរិក កាលពីខែមិថុនា ឬកើនឡើង០៥ខែជាប់ៗគ្នា ជាមួយនឹងប័ណ្ឌ បំណុលសរុប ១.១៤៦៥​ទ្រីលានដុល្លារ ខណៈជប៉ុន​ដែលបានកាន់តំណែងជាម្ចាស់​ប័ណ្ណ​បំណុល​រតនាគារ​អាមេរិក កាលពីខែតុលា បានធ្លាក់ចុះមក​នៅត្រឹម ១.០៩០៨ទ្រីលានដុល្លារ ក្រោយធ្លាក់ចុះ ២០.៥ពាន់លានដុល្លារ។ ដោយឡែក​កាលពីចុងខែមិថុនា ប័ណ្ណបំណុលបរទេស​នៃរតនាគារជាតិអាមេរិក ក៏បានកើន​ឡើងពី ៦.១២៣៦ ទ្រីលានដុល្លារ ដល់ ៦.១៧១៣​ទ្រីលានដុល្លារ ផងដែរ​បើធៀបទៅនឹង​ខែមុនៗ។

គួរបញ្ជាក់ថា ការឡើងការកាន់​កាប់ប័ណ្ណបំណុលរបស់ចិន នៅរតនាគារជាតិ​អាមេរិក​កើតមានឡើងនៅ​ចំពេលដែលសម្ពាធ​លំហូរចេញ​ នៃមូលធននៅក្នុង​ប្រទេសចិនបាន​ថយចុះ រីឯប្រាក់យ័ន ចេះតែ​ឡើងថ្លៃ៕