(ប៉េកាំង)៖ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងមីស៊ីល ចំនួន ០៣គ្រាប់ផ្ទួនៗតែម្តងនៅព្រឹកថ្ងៃសៅរ៍នេះតែម្តង ចំពោះមុខការធ្វើសមយុទ្ធយោធាដ៏កក្រើករបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ខណៈអ្នកជំនាញបានអះអាងថា ក្នុងចំណោមមីស៊ីលដែលត្រូវបានបាញ់ទាំង ០៣គ្រាប់នោះ គឺទទួលបរាជ័យទាំងបីគ្រាប់តែម្តង ប៉ុន្តែមួយគ្រាប់ក្នុងចំណោមនោះ បានផ្ទុះអំឡុងពេលបាញ់ចេញបានតែបន្តិចប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលខាងលើនេះ គឺជាប្រភេទរយៈចំងាយខ្លីប្រមាណ ២៥០គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងនោះពីរគ្រាប់បានធ្លាក់ចូលក្នុងសមុទ្រ ដោយទាំងបីគ្រាប់ត្រូវបានបាញ់ចេញពីខេត្ត កាងវ៉ុន (Kangwon)។ ភ្លាមៗបែបនេះ មិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីប្រតិកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្តនោះឡើយ គ្រាន់តែសារព័ត៌មានកន្លងមកបានចេញផ្សាយអំពីការព្រមានធ្ងន់ៗជាច្រើនដងពីកូរ៉េខាងជើង ឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធា ដែលទីក្រុងព្យុងយ៉ាងអះអាងថា មានចរិតឈ្លានពានមកលើខ្លួននោះ៕