(ឌូបៃ)៖ ស្ត្រីឈ្មោះ Iman Abd Al-Ati ដែលធ្លាប់មាន​រហស្សនាមថា ជា ស្រ្តីដែលមាន​ទម្ងន់ធ្ងន់ជាង​គេបំផុត​លើលោក ពោលគឺដល់ទៅ​ ៥០០គីឡូក្រាមនោះ បានទទួលមរណភាព​បាត់ទៅហើយ នាថ្ងៃចន្ទនេះ នៅឯទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧។

បើតាមប្រភព​ពីវេជ្ជបណ្ឌិត​ឯកទេស ប្រចាំ​មន្ទីរពេទ្យ Burjeel ក្នុងទីក្រុង Abu Dhabi ស្រ្តីជនជាតិ​អេហ្ស៊ីបខាងលើ បានបាត់បង់ជីវិត​​ដោយសារតែ​ស្ថានភាពជំងឺ​ជាច្រើនប្រភេទ រួមមានទាំងជំងឺបេះដូង និងក្រលៀនជាដើម។ នាពេលកន្លង​មកនេះ លោកស្រី Abd Al-Ati ធ្លាប់បានទទួល​​ការព្យាបាលនៅ​រាជធានី របស់អេមេរ៉ាត់​អារ៉ាប់រួម និងកាលពីប៉ុន្មាន​ខែមុននេះ​ លោកស្រី​ត្រូវបានវះកាត់​សម្រក​ទម្ងន់​បាន ៦៥​គីឡូ​ក្រាម នៅក្នុងមន្ទីរ​ពេទ្យ Burjeel។

គួរបញ្ជាក់ថា លោកស្រី Abd Al-Ati វ័យ ៣៦ឆ្នាំ បានធ្វើដំណើរ​ទៅកាន់មន្ទីរពេទ្យ Bureej ក្នុងទីក្រុង Abu Dhabi ជា​គោលដៅ​ចុង​​ក្រោយ​កាលពី​ថ្ងៃទី០៤ ខែសភា ដើម្បីបញ្ចប់ដំណើរ​ទទួលការវះកាត់ព្យាបាល​របស់លោកស្រី ដែលបាន​ចាប់ផ្តើមដំបូង នៅ​​ឯ​​ទីក្រុង Mumbai នៃប្រទេស​ឥណ្ឌា ខណៈការវះកាត់​ព្យាបាលទាំងប៉ុន្មាន នៅតែពុំអាចជួយ​សង្រ្គោះជីវិត​លោកស្រីបានដដែល៕