(មូស្គូ)៖ ដោយរំលឹកពីស្ថានភាពដ៏លំបាកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនបានព្រមានជាថ្មីប្រឆាំងនឹងការប៉ុនប៉ងធ្វើអន្តរាគមន៍លូកដៃចូល កិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ នៅក្នុងបរិបទដែលទីក្រុងមូស្គូ ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថាបានជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតប្រធានាធិបតិអាមេរិក កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០១៧។

ការថ្លែងបែបនេះរបស់លោកពូទីន ធ្វើឡើងនៅអំឡុងបើកសម័យជុំសហភាពអន្តរសភា (​UIP)​ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅឯទីក្រុង Saint-Petersbourg។ លោក ពូទីន បានគូសបញ្ជាក់ដូច្នេះថា «គ្មានប្រទេសណាមួយមានសិទ្ធិសម្រេចលើជោគវាសនារបស់ប្រទេសដទៃឡើយ...ហើយនៅក្នុងពិភពលោកក៏គ្មានគំរូអភិវឌ្ឍសកលដែរ ត្បិតប្រទេស នីមួយៗមានសិទ្ធិពីធម្មជាតិ និងមិនអាចប្រកែកបានចំពោះការកំណត់ពីជោគវាសនារបស់ខ្លួន អនុឡោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»

បន្ថែមពីលើនេះ ប្រមុខវិមានក្រឹមឡំាង ក៏បានបញ្ជាក់ដែរថា ការប៉ុនប៉ងជ្រៀតជ្រែក ឬអន្តរាគមន៍ពីខាងក្រៅ ចូលកិច្ចការផ្ទៃក្នុងនៃបណ្ដាប្រទេសជារដ្ឋអធិបតយ្យ គឺមានតែបង្កភាពវឹកវរ ប៉ុណ្ណោះ។ «រាល់ការលូកដៃពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសដទៃ គឺមានតែបង្កភាពវឹកវរ និងអស្ថេរភាព ក៏ដូចជាអំណោយផលដល់ពួកភេរវករ ជាឧទាហរណ៍ដូចជានៅ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។ នេះបើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន៕