(បរទេស)៖ ទោះបីជាការធ្វើតេស្តនុយក្លេអ៊ែរ នៃរដ្ឋកាហ្សាក់ស្ថាន (អតីតស្ថិតនៅក្នុង​សហភាពសូវៀត) បានកន្លងផុតទៅ​រយៈពេលជាង ៣០ឆ្នាំទៅហើយក្តី ប៉ុន្តែសុបិនអាក្រក់ នៃសោកនាដកម្ម ដែលបានកើតចេញពី​ការធ្វេសប្រហែសនេះ នៅតែដិតដាម​ជាមួយជន​រងគ្រោះ ដែលបន្តរស់នៅក្រោមទុក្ខវេទនា ជាមួយនឹងរូបរាងកាយរងការបំផ្លិចបំផ្លាញ មកទល់​នឹងបច្ចុប្បន្ន។ នេះបើតាមការផ្សាយរបស់ National Geographic ដែលត្រូវបានដកស្រង់ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

ស្នាមដំបៅដិតដាម និងការបំផ្លិចបំផ្លាញ កំពុងស្ថិតនៅលើជ្រុងមួយនៃតំបន់ Kazakh Steppe ដ៏ដាច់ស្រយាល ខណៈដែលបឹងនៅទីនោះ មិនមែនជាបឹងធម្មជាតិទៀតនោះទេ ព្រោះតែការ​បំផ្ទុះគ្រាប់នុយក្លេអ៊ែរសាកល្បង បានធ្វើលើឲ្យទីនោះត្រូវបោះបង់ចោល រួមជាមួយនឹង​កម្ទេច​ផ្ទាំងថ្មបែកបាក់ ដែលបង្ហាញពីអតីតនៃតំបន់ ដែលត្រូវបានគេយកទៅ ធ្វើតេស្តអាវុធ​ប្រល័យ​លោក ប៉ុន្តែបែរជាបង្កឲ្យមនុស្សជាច្រើន និងធម្មជាតិនៅតំបន់​រងភាពខ្ទេចខ្ទាំ ដោយសារតែ​កម្លាំង​ដ៏មហិមានៃការផ្ទុះ និងសារធាតុវិទ្យុ​សកម្មបន្សល់​ទុករាប់​ទសវត្សរ៍ទៅវិញ។

លោក Berik Syzdykov វ័យ ៣៨ឆ្នាំ កំពុងរស់នៅជាមួយម្តាយរបស់លោក នៅក្នុងតំបន់ Semey នៃប្រទេស​កាហ្សាក់ស្ថាន (ភាគខាងត្បូងរុស្ស៊ី)។ Berik ត្រូវបានម្តាយ​របស់លោក​អះអាងថា បានទទួល​រង​ផលប៉ះពាល់តាំងតែពីស្ថិតនៅក្នុងផ្ទៃមកម្ល៉េះ ព្រោះតែឥទ្ធិពល​នៃរលក​វិទ្យុសកម្ម ដែលបាន​ជះចេញពីការបំផ្ទុះនុយក្លេអ៊ែរ ធ្វើឡើងដោយ​សហភាពសូវៀត នៅក្នុងតំបន់ធ្វើ​តេស្ត​ដែលមាន​​ឈ្មោះថា Semipalatinsk ក្នុងប្រទេស​កាហ្សាក់ស្ថាន។ ការពិត Berik មិនអាច​មើលឃើញ​អ្វីឡើយ ហើយលោកតែងតែ​ទទួលការវះកាត់ជារឿយៗ ដើម្បីកាត់បន្ថយសាច់ដុះ​នៅលើផ្ទៃមុខ។

សម្រាប់ទីកន្លែង​ធ្វើយកធ្វើតែស្តនោះ មានឈ្មោះថា Polygon ត្រូវបានគេដឹងថា ធ្លាប់ជា​វាលធ្វើតេស្តនុយក្លេអ៊ែររហូតដល់ទៅ ១ ភាគ ៣ នៃការធ្វើតេស្តនុយក្លេអ៊ែរទូទាំងសកលលោក ហើយតំបន់នេះ ត្រូវបានគេចាត់ទុកថា ជាតំបន់គ្មានការគ្រប់គ្រងនោះឡើយ ប៉ុន្តែ​វានៅតែ​មាន​ប្រជាជនមួយចំនួន ប្រកបរបរកសិកម្ម ស្ថិតនៅមិនឆ្ងាយពីទីនោះប៉ុន្មានទេ។ ទោះបីជា​ប្រជាជន​ជាច្រើន ត្រូវបានរុញច្រានចេញពីទីតាំងជុំវិញតំបន់ខាងលើនេះ នៅអំឡុងពេល​មានការ​ធ្វើ​តេស្តនុយក្លេអ៊ែរដ៏ខ្លាំងក្លា​នៃសហភាពសូវៀតនោះក៏ដោយ ប៉ុន្តែ​ប្រជាជន​មួយចំនួនធំគឺបាននៅ​ទ្រាំបន្តរស់នៅដដែល។ ផលប៉ះពាល់​នៅតែអូសបន្លាយ រហូតមកទល់នឹងបច្ចុប្បន្ន ជាពិសេសគឺទៅលើ​ស្ត្រីមានផ្ទៃពោះនោះឯង។

គួរបញ្ជាក់ថា អត្ថបទនេះគឺចង់បង្ហាញ​អំពីសោកនាដកម្ម​នៃអាវុធប្រល័យលោក មិនថា​តែនុយក្លេអ៊ែរ ឬអាវុធគីមីនោះទេ វាសុទ្ធសឹងតែបានបង្កផលប៉ះពាល់ដ៏យូរអង្វែង ដោយសារតែ​សារធាតុពុល និងវិទ្យុសកម្ម ដែលនៅបន្តសម្ងំ​នៅតំបន់រងគ្រោះរហូតរាប់ទសវត្សរ៍ ឬសតវត្សរ៍ ហើយអ្នកដែលរងគ្រោះខ្លាំងបំផុតនោះ គឺប្រជាជន​ទន់ខ្សោយ និងស្ត្រីមានផ្ទៃពោះ ដែល​កូនក្មេងៗ​កើតមក នឹងទទួលរងនូវការបាត់បង់អវៈយវៈ ដូចក្នុងការរូបភាព​ដែលត្រូវបាន​ថតដោយអ្នករាយការណ៍​ព័ត៌មានអន្តរជាតិ​ទាំងអស់នេះ៕