(លីសបោន)៖ មនុស្ស ០៣នាក់បានស្លាប់ និងយ៉ាងតិច ២៥នាក់បានរងរបួស បន្ទាប់ពីថ្ងៃអាទិត្យ​កន្លងទៅនេះ​ បានក្លាយថ្ងៃដ៏អាក្រក់បំផុត​មួយ​​ប្រចាំឆ្នាំសម្រាប់​ព័រទុយហ្គាល់ ដែលបានជួប​ប្រទះ​មហន្តរាយភ្លើងឆេះព្រៃជាង ៤០០ករណី នៅទូទាំងប្រទេស។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០១៧។

ក្នុងចំណោម​អ្នកដែលបាន​បាត់បង់ជីវិត ០២ករណី បានកើតឡើង​នៅក្នុង​ក្រុង ផេណាកូវ៉ា (Penacova) ស្រុក កីអ៊ីមប្រា (Coimbra) ភាគខាងជើង​ព័រទុយហ្គាល់ និង​មួយករណី​ទៀតបានកើត​មាននៅក្នុងក្រុង ស៊ឺតា (Serta) ស្រុក កាស្ទេគូ ប្រានកូ (Castelo) Branco ភាគខាងជើង​ប្រទេសដូចគ្នា។ ដោយឡែក​សម្រាប់អ្នកដែល​បាន​ទទួលរងរបួសវិញ ភាគច្រើនត្រូវ​គេរាយការណ៍ថា គឺជាភ្នាក់ងារ​ពន្លត់អគ្គិភ័យ។

អ្នកនាំពាក្យ​អាជ្ញាធរគាំពារជនស៊ីវិល​ជាតិ​ព័រទុយហ្គាល់ លោកស្រី ផាទ្រីស្យ៉ា ហ្គាស្ប៉ារ (Patricia Gaspar) បានប្រកាសថា ថ្ងៃអាទិត្យម្សិលមិញនេះ គឺជាថ្ងៃដ៏​អាក្រក់បំផុត​ប្រឆាំឆ្នាំ២០១៧ សម្រាប់គ្រោះ​មហន្តរាយភ្លើងឆេះព្រៃ​នៅក្នុងប្រទេស ដែលមានចំនួន ៤៤៣ករណី បានកើតឡើង​​នៅ​ទូទាំងប្រទេស។

គួររំលឹកថា អគ្គីភ័យភ្លើងឆេះ​ព្រៃដ៏ប្រល័យកាលពីថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ២០១៧ ក្នុងតំបន់​នៃក្រុង Pedrogao grande ដែលស្ថិតនៅ​ប្រមាណ ១៥០គីឡូម៉ែត្រ ភាគឦសាន​រដ្ឋធានី​លីសបោន បានផ្តាច់ជីវិតមនុស្ស ៦៤នាក់ និងធ្វើឲ្យរបួសច្រើន​ជាង ២៥០នាក់៕