(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ពលទាហាន​ប្រហែល ៤៣នាក់ បានបាត់បង់ជីវិតនៅក្នុង​ការវាយប្រហារ​មួយទាំង​កណ្តាលរាត្រី ដែលធ្វើឡើង​ដោយក្រុម​ឧទ្ទាម​​តាលីបង់ ក្នុងស្រុក ម៉ាយវ៉ាដដ៍ (Maywand) នៅខេត្ត កាន់ដាហា (Kandahar) ភាគខាងត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន៕

២៖ កម្មវិធី Deep Space Gateway ជាមួយទីភ្នាក់ងារ​អវកាសអាមេរិក NASA មានគោលដៅដើម្បី​បង្កើតមូលដ្ឋានក្បែរ​ឋានព្រះច័ន្ទ​មួយ នៅក្នុងចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៦៕

៣៖កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ បានក្រសោបយកតំបន់សំខាន់ៗចំនួនពីរ​ពីក្រុមឃើដ​ដោយជោគជ័យ ស្ថិតនៅក្នុងខេត្ត ឌីយ៉ាឡា (Diyala) ដែលស្ថិតនៅក្បែរទីក្រុងម៉ូស៊ូលដែលក្រុមឃើដស្វះ ស្វែងដណ្តើមបានពីពួក ISIS៕

៤៖ ព្រះមហាក្សត្រថៃ​ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានយាងចូលរួម​ព្រះរាជពិធី​បិទបញ្ចប់ ការសាងសង់​​ទីកន្លែងថ្វាយ​ព្រះភ្លើង (ព្រះមេន ឬព្រះមេរុ) ដែលនឹងត្រូវប្រើប្រាស់​នៅក្នុង ព្រះរាជពិធីបុណ្យ​សពរបស់​ព្រះបិតាទ្រង់ គឺអតីតព្រះមហា​ក្សត្រ​ថៃព្រះបាទ ភូមិបុល អាឌុលយ៉ាងដេត នាថ្ងៃទី២៦ ខែតុលា សប្តាហ៍​ក្រោយ៕

៥៖ រដ្ឋមន្ត្រីការ​បរទេស​អាមេរិក លោក រិច ធីល្លឺសុន បាននិយាយថា សហរដ្ឋអាមេរិក​បានចាត់​ទុកថា​មេដឹកនាំយោធា​មីយ៉ាន់ម៉ា​ គឺជាអ្នកទទួល​ខុសត្រូវ​លើវិបត្តិជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​បច្ចុប្បន្ន ហើយដែលនេះ​គឺបង្ហាញពីការ​យល់ឃើញ​ខុសគ្នា​ ជាមួយរដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី អោងសាន ស៊ូជី៕

៦៖ ​កូរ៉េខាងជើង បានប្រកាស​ថ្កោលទោស​ធ្ងន់ៗ ចំពោះសមយុទ្ធយោធា​​ជើងទឹកជាថ្មី រវាង​សហរដ្ឋ​អាមេរិក និងប្រទេស​កូរ៉េខាងត្បូង ដែលជាព្រឹត្តិការណ៍ធំបំផុត មិនធ្លាប់កើតមាន​ពីមុនមកនោះ​ឡើយ៕