(អេហ្ស៊ីប)៖ រដ្ឋមន្ត្រីការទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសនៃបណ្ដាអារ៉ាប់ដទៃទៀត គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃអាទិត្យនេះ ដើម្បីពិភាក្សាគ្នាលើមធ្យោបាយប្រឈមុខជាមួយអ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡាដែលបណ្ដាប្រទេសអារ៉ាប់ចោទថាបានលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ពួកគេ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន R​euters នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ បើតាមសារព័ត៌មានអេហ្ស៊ីប MENA កិច្ចប្រជុំបន្ទាន់នេះ ធ្វើឡើងដោយមានសំណើពីប្រទេសអារ៉ាប៊ីសាអូឌីត និងមានការគាំទ្រពីប្រទេស អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងគុយវ៉ែត ហើយកិច្ចប្រជុំនេះទៀតសោតនឹងផ្ដោតសំខាន់លើការស្វែងរកមធ្យោបាយទប់ទល់នឹងអន្តរាគមន៍របស់អ៊ីរ៉ង់នៅក្នុងតំបន់។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសា អូឌីត Adel Jubeir ក៏បានបញ្ជាក់ប្រាប់ Reuters កាលពីសប្ដាហ៍មុនដែរថា​សកម្មភាពរបស់ទីក្រុងរីយ៉ាដនៅក្នុងតំបន់មជ្ឈិមបូព៌ាគឺគ្រាន់តែជាការឆ្លើយតបទៅនឹងអ្វីដែលលោកហៅ ថាជាសកម្មភាពឈ្លានពានពីសំណាក់ទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានកើនឡើងខ្លាំងក្រោយនាយករដ្ឋមន្ត្រីលីបង់ លោក Saad al-Hariri ប្រកាសលាលែងពីតំណែងក្នុងទីក្រុង រីយ៉ាដ និងដោយសារជម្លោះនៅយ៉េមែន ជាទីដែលប្រទេសទាំងពីរគាំទ្រភាគីជម្លោះរៀងៗខ្លួន៕