(ម៉ារ៉ុក)៖ អាជ្ញាធរម៉ារ៉ុក​បានរាយការណ៍ថា មនុស្ស ១៥នាក់បានស្លាប់ និងជាច្រើននាក់​ផ្សេងទៀត​បានរងរបួស នៅក្នុងហេតុការណ៍​រត់ជាន់គ្នាមួយ នៅអំឡុងពេល​ពួកគេកំពុង​ទទួល​ជំនួយពី អង្គការមនុស្សធម៌​មួយនៅ​ក្នុងតំបន់។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​ម៉ារ៉ុក គ្រោះថ្នាក់នេះ​បានកើតឡើង​នៅក្នុងទីក្រុង Sidi Boulaalam នៃខេត្ត Essaouira នៅពេលមនុស្សម្នា​ជាច្រើននាក់ ឈររង់ចាំទទួលជំនួយពី​អង្គការ​មនុស្សធម៌ មួយនៅក្នុង​តំបន់។ បន្ថែមពី​លើនេះ សារព័ត៌មាន​នៅក្នុងស្រុកក៏បានឱ្យ​ដឹងដែរថា មនុស្ស ៤០នាក់បានរងរបួសនៅក្នុងហេតុការណ៍រត់ជាន់គ្នានេះ រីឯជនរងគ្រោះស្លាប់ភាគច្រើនជាស្ត្រី និងមនុស្សចាស់ ខណៈព្រះមហាក្សត្រ​ម៉ារ៉ុក Muhammed VI បានណែនាំ​ឱ្យអាជ្ញាធរក្នុងតំបន់​ ជួយដល់អ្ន​ក​រងគ្រោះ ក៏ដូចជាផ្ដល់ការ​គំាទ្រ​ជាថ្នាំពេទ្យ និងចេញថ្លៃបុណ្យ​សព​ផងដែរ។

គួរបញ្ជាក់ថា បើតាមសាក្សី​ជាច្រើន​នៅកន្លែង​កើតហេតុ ការចែកអំណោយ​ប្រចាំឆ្នាំនៅ​ក្នុងឆ្នាំ២០១៧នេះ ដែលត្រូវរៀបចំ​ឡើងក្នុងផ្សារ​មួយ ដែលសម្បូរដោយប្រជាជន​ក្រីក្រ ស្ថិតទីក្រុង Sidi Boulaalam មានប្រជាជន ៨,០០០នាក់រស់នៅ និងបានទាក់ទាញ​មនុស្សច្រើនខុសពីឆ្នាំមុនៗ ប៉ុន្តែខាងអាជ្ញាធរ​មិនទាន់អាច​បញ្ជាក់ពីមូលហេតុ​ ដែលបានបង្កការរត់ជាន់គ្នា​នេះនៅឡើយទេ៕