(ហួស្ដុន)៖ បម្រែបម្រួលអាកាសធាតុ បង្កឡើងដោយសា្នដៃមនុស្ស បានធ្វើឱ្យ​ព្យុះ Hurricane Harvey​ ដែលបានវាយប្រហារ​លើសហរដ្ឋអាមេរិ​ក កាលពីខែសីហា កាន់តែ​មានឥទ្ធិពល​ខ្លាំង។ នេះបើតាមក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមសេចក្ដី​ប្រកាសព័ត៌មាន​ ចេញផ្សាយដោយ​សាកលវិទ្យាល័យ Houston-based Rice ក្រុមអ្នកស្រាវជ្រាវ​បានរកឃើញ​ថា បម្រែបម្រួលអាកាសធាតុបង្កឡើង ដោយស្នាដៃ​មនុស្សបាន​បណ្ដាលឱ្យ ភ្លៀងធ្លាក់យ៉ាងខ្លាំងលើទីក្រុងហួស្ដុន នៃភាគខាងត្បូង​សហរដ្ឋអាមេរិក នៅអំឡុង​ពេលព្យុះ Hurricane Harvey កាន់តែមាន ឥទ្ធិពលខ្លាំង​ជាងបីដង ឬ ១៥ភាគរយ។ «ព្យុះ Harvey កាន់តែមានឥទ្ធិពល​នៅក្នុងបរិយាកាស​យើងសព្វថ្ងៃ ហើយព្យុះជាច្រើន​ដូចជាព្យុះ Harvey​ នេះ​មានកានតែ​ច្រើន ឡើងក្នុងបរិយាកាស​យើងបច្ចុប្បន្ន»។ នេះបើតាមការលើកឡើងរបស់លោក Antonia Sebastian ជាអ្នកស្រាវជ្រាវ​មួយរូប​ មកពីមជ្ឈមណ្ឌល​សិក្សាពីគ្រោះ​មហន្តរាយ នៃ​សាកលវិទ្យាល័យ Rice University។

ការសិក្សាស្រាវជ្រាវ​នេះ ដឹកនាំដោយក្រុមអ្នក​វិទ្យាសាស្ត្រមកពី World Weather Attribution ដែលជាគំរោង​អន្តរជាតិ សិក្សាពីឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុលើ បាតុភូតដូចជា​ភ្លៀងធា្លក់ខ្លាំង រលកកម្ដៅ និងគ្រោះរាំង​ស្ងួតជាដើម។ ចំណែកឯ ក្រុមអ្នក​ស្រាវជ្រាវវិញ សុទ្ធតែជា​សាស្ត្រាចារ្យមកពី​វិទ្យាស្ថានក្នុង​សហរដ្ឋអាមេរិក និងអឺរ៉ុប ក្នុងនោះមាន​ទាំងមកពី សាកលវិទ្យាល័យ Rice, Oxford, Princeton និង​បណ្ដាសាកល​វិទ្យា​ជាច្រើនទៀត។

ខ្យល់ព្យុះ Harvey បានបង្កជាគ្រោះរអិលបាក់ដី កាលពី​ថ្ងៃទី២៥ ខែសីហា ទីក្រុងហូស្ដុន នៃរដ្ឋតិចសាស់ ហើយមិនតែប៉ុណ្ណោះ​ព្យុះនេះ​បានវិវត្តខ្លួនទៅជា​ព្យុះបួនប្រភេទ ក៏ដូចជាបង្ក​ជាគ្រោះទឹកជំនន់ និងការខូចខាត​ដ៏ធំបំផុត មិនធ្លាប់មាន​ជាង ៥០មកនេះ ក្នុងរដ្ឋតិចសាស់​ផងដែរ។ ដោយឡែក នៅឯតំបន់ Harris ក្នុងទីក្រុង Houston កម្ពស់ទឹក​បានកើនឡើង​ដល់ ១៣១.៨សង់ទីម៉ែត្រ ហើយ ដែលនេះ​គឺជាកំរិតទឹកភ្លៀង​ខ្ពស់​អតិប្បរមា កម្រនឹងកើតឡើងក្នុងបរិយាកាស​ផែនដី​សព្វថ្ងៃ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រ ទោះបីជាមាន​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ​ស្ដីពីបម្រែបម្រួលអាកាសធាតុ​ក៏ដោយ ក៏ព្យុះ ដូចជាព្យុះ Hurricane Harvey នឹងកើត​មានកាន់តែច្រើនឡើង។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលត្រូវបានអនុម័ត​កាលពី​ឆ្នាំ២០១៥ មានគោលដៅ​ចម្បងប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់ និងទប់ស្កាត់មិន​ឱ្យសីតុណ្ហភាព​កើនឡើង លើសពីរអង់ស្សាសេ។

ក៏ប៉ុន្តែប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កជាឧបសគ្គដល់​ការអនុវត្តន៍ ទិសដៅនេះ តាមរយៈការប្រកាស​ដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនេះ ដោយសំអាងថា វាបំផ្លាញដល់ផល​ប្រយោជន៍សេដ្ឋកិច្ច និងអំណាចអាមេរិកជារួម។ យ៉ាងណាក៏ដោយ បើតាម​មាត្រា ២៨ នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស សហរដ្ឋអាមេរិក​មិនអាចដកខ្លួនចេញ ​លឿនជាងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នោះទេ៕