(វ៉ាស៊ីនតោន)៖ ​បិតាស្ថាបនិក និងជានាយក​ប្រតិបត្តិ (CEO) ​របស់ក្រុមហ៊ុន Facebook លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) បានប្រកាសថា ចាប់​ពី​សប្តាហ៍​នេះតទៅ ប្រព័ន្ធបណ្តាញសង្គម​ដ៏មាន​ប្រជាប្រិយភាព និងធំជាងគេ​បង្អស់លើពិភពលោកមួយនេះ នឹងធ្វើការវាយតម្លៃ​ទៅលើ ​«ភាពគួរឲ្យជឿ​ទុកចិត្តបាន» នៃអត្ថបទ​ក៏ដូចជាបណ្តាញ​សារព័ត៌មាន ដោយផ្អែកទៅលើ​ការយល់ឃើញផ្ទាល់​របស់អ្នកប្រើ​ប្រាស់។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹកថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

នាពេលឆាប់ៗ​ខាងមុខ​នេះ Facebook នឹងឲ្យអ្នកប្រើប្រាស់​បំពេញ Survey ស្ទង់មតិ ដែលនឹងបង្ហាញ​លទ្ធផលថា តើពួកគេស្គាល់​​​ប្រភពព័ត៌មានជាក់លាក់​ណាមួយដែរ ឬអត់ ហើយប្រសិន​បើចម្លើយគឺ «ស្គាល់» នោះ​ថា តើពួកគេយល់ថា ប្រភពនោះ​អាចគួរឲ្យ​ទុក​ចិត្តបានដែរ ឬយ៉ាងណា។ ​បន្ទាប់មកទៀត Facebook នឹងប្រើប្រាស់​ទិន្នន័យស្ទាបស្ទង់នេះ ដើម្បីកំណត់​អាទិភាព ​ក៏ដូចជាចាត់ថា្នក់​​ទៅលើប្រភពព័ត៌មាន​ទាំងនោះ នៅលើផ្ទាំង Newsfeed របស់បណ្តាញ​សង្គមនេះ។

គួរជម្រាបថា ប្រភពព័ត៌មាន​ទាំងឡាយណា ដែលទទួលបាន​ការវាយតម្លៃ (Rating) ក្នុងកម្រិតទាប​ជាប់ៗគ្នា ពីអ្នកប្រើប្រាស់​នោះ នឹង​ត្រូវ​ទទួល​រង​ការពិន័យ ក៏ប៉ុន្តែគេពុំទាន់​ដឹងច្បាស់ថា ដោយរបៀប​ណាឡើយ។ យ៉ាងណាមិញ វិធានការ​ផ្លាស់ប្តូរនេះ នឹងត្រូវ​អនុ​វត្តន៍​តែ​ទៅ​លើ​អ្នកប្រើប្រាស់​ ក្នុងសហរដ្ឋអាមេរិក​សិនប៉ុណ្ណោះ ក៏ប៉ុន្តែប្រសិន​បើធ្វើទៅ​ជោគជ័យ Facebook គ្រោងនឹង​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​​​អនុ​វត្តន៍​នេះ ជាអន្តរជាតិតែម្តង៕