(វ៉ាស៊ីនតោន)៖ ខណៈប្រទេស​​តួកគី បានចាប់ផ្តើមធ្វើប្រតិបត្តិការយោធា​ទ្រង់ទ្រាយធំ ឆ្លងចូលតំបន់​ភាគ​ខាងជើង នៃប្រទេសស៊ីរី ដើម្បី​វាយ​​​កម្ទេច​​​ក្រុម​ឃើដ​នោះ សហរដ្ឋអាមេរិក បានចេញមុខ​អំពាវនាង​ឲ្យ​ទីក្រុង​អង់ការ៉ា បន្ធូរដៃ និងបង្កើនការអត់ធ្មត់ នៅ​​ក្នុង​​ប្រតិ​បត្តិ​​ការ​​របស់​ខ្លួន ដើម្បីបញ្ចៀស​កុំឲ្យមានជនស៊ីវិល​រងគ្រោះ​ច្រើន។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​​ពី ​ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨។

ក្រសួងការ​បរទេស​អាមេរិក បានអំពាវនាវ​ឲ្យតួកគី​បន្តមានដែន​កំណត់នៅលើ​វិសាលភាព និងថេរវេលា​នៃប្រតិបត្តិការ​យោធា​​របស់​ខ្លួន ​ព្រមទាំងមាន​ការយល់ចិត្តទុក​ដាក់​ខ្ពស់ ដើម្បីបញ្ជៀស​ការបាត់បង់ជីវិត និងរងរបួស នៃប្រជាជន​ស៊ីវិល​ស្លូតត្រង់។ ដោយ​បាន​គូស​​បញ្ជាក់​អំពី​កិច្ច​ពិភាក្សា​គ្នារវាង រដ្ឋ​មន្រ្តីការបរទេស​អាមេរិក លោក រិច ធិល្លឺសុន និងសមភាគីតួកគី ក៏ដូចជារុស្ស៊ី ស្តីពី​ស្ថាន​ការណ៍​នៅ​ភាគពាយ័ព្យ​ស៊ីរី អ្នកនាំពាក្យ​​ក្រ​សួង​​ការបរទេសអាមេរិក លោកស្រី Heather Nauert បានលើកឡើងថា ទីក្រុង​វ៉ា​ស៊ីន​តោន​បានបង្ហាញក្តី​ព្រួយបារម្ភ​រួចមកហើយ អំពី​ស្ថានភាព​នៅក្នុងតំបន់ ជាពិសេសនោះ គឺជនស៊ីវិល​ស្លូតត្រង់ ដែលបច្ចុប្បន្ន​ត្រូវ​ប្រឈមមុខ​នឹងការប្រយុទ្ធ​គ្នា​យ៉ាងក្តៅគគុក។

គួរជម្រាបថា តួកគី​បានបើកប្រតិបត្តិការ​ខាងលើ ដែលមាន​ឈ្មោះថា Operation Olive Branch ដោយមានការវាយ​លុកតាមផ្លូវ​អាកាស និងការផ្លោង​គ្រាប់យ៉ាងចាស់ដៃ​ជាទីបំផុត ដើម្បីបោសសម្អាត​ក្រុមប្រដាប់អាវុធ​ឃើដ YPG ចេញពីតំបន់ Afrin របស់ស៊ីរី ដែល​ទីក្រុង​អង់ការ៉ា​ចាត់ទុកថា គឺជាក្រុមភេរវករ មានទំនាក់ទំនង​នឹងគណបក្ស​ពលករឃើដ PKK នៅតួកគី។

បន្ថែមពីខាងលើនេះ តួកគីក៏ធ្លាប់​បានបញ្ជាក់ហើយថា ខ្លួនបានជូនដំណឹង​ ក៏ដូចជា​ស្នើ​ដល់ទីក្រុងដាម៉ាសរួចជាស្រេច ប៉ុន្តែរដ្ឋាភិបាលស៊ីរី​បានទាត់សំណើ​នេះចោល និង​ថ្កោលទោសធ្ងន់ៗ​ទៅលើប្រតិបត្តិការ​តួកគីថា ជាការឈ្លានពាន​សុទ្ធសាធ។ បើតាមក្រុម​ឃ្លាំមើលសិទ្ធិ​មនុស្សស៊ីរី ជន​ស៊ីវិល​យ៉ាង​តិច ១៨នាក់ បានបាត់​បង់ជីវិត ដោយគ្រាន់តែ​ប្រតិបត្តិការ​យោធាទ្រង់ទ្រាយ​ធំ​នេះ ចាប់ផ្តើមបានតែបន្តិចប៉ុណ្ណោះ៕