(ហាណូយ)៖ អគ្គលេខាធិការ​បក្សកុម្មុយនីស្ដ​វៀតណាម​ (CVP) លោក ង្វៀន ភូទ្រុង (Nguyễn Phú Trọng) បាននិយាយថា អ្នកដែលមាន​ភារៈកិច្ចកសាងបក្ស​ត្រូវតែក្លាហាន ប្រឆាំងជាដាច់ ខាតនឹងអំពើ​ពុករលួយ ហើយការពារ​យុត្តិធម៌ ក៏ដូចជាប្ដេជ្ញាចិត្ត​ប្រឆាំងនឹងក្រុម​មនុស្សគិតតែប្រយោជន៍​ខ្លួនឯង បក្ខពួកនិយម និងត្រូវជៀសវាង​ឱ្យឆ្ងាយពីឥទ្ធិពល​នៃទំនាក់ទំនង​បុគ្គល។ នេះបើតាមការ​​ចេញផ្សាយ​ដោយ សារព័ត៌មាន Viet Nam News​ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។ 

លោក Nguyễn Phú Trọng ថ្លែងបែបនេះ​ នៅក្នុងសុន្ទរកថា​មួយ នាទីក្រុង​ហាណូយ កាលពី​ថ្ងៃចន្ទ។ បន្ថែមពីលើនេះ នាឱកាស​នោះដែរលោកក៏បានកត់​សម្គាល់ពីសារៈសំខាន់​ នៃ​ការកសាងបក្ស​ឱ្យមានភាពរឹងមំា ព្រមទាំងបោស​សំអាតអំពើ​ពុករលួយ។ ប៉ុន្តែទន្ទឹមគ្នា អគ្គលេខាធិការ​បក្សកុម្មុយនីស្ដ​វៀតណាម រូបនេះបានសម្ដែងការ​មិនពេញចិត្ត​ជាខ្លាំង ចំពោះការបំពេញ​ការងារខ្វះការត្រួត​ពិនិត្យ និងតុល្យភាព​អំណាច ឬក៏ការចាត់វិធាន​ទប់ស្កាត់អំពើ​បក្ខពួកនិយម។ មិនតែ​ប៉ុណ្ណោះ លោកថា ការជ្រើសរើសសាច់​ញាតិ​ឱ្យចូលបម្រើ ការងារក្នុង​ជួរបក្ស ឬក៏ស្ថាប័នរដ្ឋ​គួរតែផ្ដោតសំខាន់លើ​គុណសម្បត្តិ និងសមត្ថភាព​របស់បុគ្គល។

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក Nguyễn Phú Trọng ធ្វើឡើងនៅក្នុងថ្ងៃតែមួយ​ដែលតុលាការ​វៀតណាម​ ចេញសាលក្រម​កាត់ទោសជនជាប់​ចោទ ២២នាក់ នៅក្នុងសំណុំ រឿងពុករលួយ​ក្នុងក្រុមហ៊ុន​ប្រេងរដ្ឋ PetroVietnam។ ចំណែកឯ ក្នុងចំណោមជន​ជាប់ទាំងអស់ គេឃើញមានឈ្មោះ​អតីតសមាជិក​​ការិយាល័យ​នយោបាយបក្ស​កុម្មុយនីស្ដ​វៀតណាម លោក ឌីញ ឡាថាំង (Dinh La Thang) ដែលត្រូវបាន​តុលាការ​កាត់ទោស​ ឱ្យជាប់​ពន្ធនាគារ ១៣ឆ្នាំ ខណៈអ្នករួមគំនិត​ម្នាក់ទៀតគឺ លោក ទ្រីញ ហ្ស័នថាញ់ (Trinh Xuan Thanh) ជាអតីត​ប្រធាន និងអគ្គនាយក​​ក្រុមហ៊ុន PetroVietnam Construction Joint Stock Corporation (PVC) ត្រូវកាត់​ទោសឱ្យ​ជាប់ពន្ធនាគារ​​អស់មួយជីវិត៕