(តូក្យូ)៖ ភ្នំ Kusatsu-Shirane ស្ថិត​ក្នុងខេត្ត Gunma ភាគពាយ័ព្យ​ទីក្រុងតូក្យូ នៃប្រទេសជប៉ុន ដែលបានផ្ទុះឡើងនាព្រឹក​ថ្ងៃអង្គារ​នេះ បានបង្កជា​គ្រោះរអិលបាក់ផ្ទាំង​ព្រិល ព្រមទាំងកម្អែលភ្លើង និងថ្មខ្ទាតឡើងលើអាកាស​ហើយធ្លាក់មកវិញ ​បណ្តាល​ឲ្យមនុស្សម្នាក់​ស្លាប់ និងប្រមាណ​ជាង ១០នាក់ ទទួល​រងរបួស។ នេះបើតាមការ​ចេញ​ផ្សាយដោយ សារព័ត៌មាន CNN នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០១៨។

មនុស្សស្លាប់ម្នាក់នោះ គឺជាអ្នកជិះស្គីទឹកកកជនជាតិជប៉ុន នៅក្បែរតំបន់ភ្នំភ្លើង ដែលមានវ័យ ៤៩ឆ្នាំ។ បើតាមអាជ្ញាធរ​​ក្នុងតំបន់កើតហេតុ មនុស្សជាង ១០នាក់ ទៀតបានរងរបួស ដោយសារតែហេតុការណ៍​បន្ទុះភ្នំភ្លើងនេះ ខណៈ​០៤នាក់ ​ក្នុង​ចំណោមនោះ​បានរងគ្រោះ ពីព្រោះតែការ​រអិល​បាក់ផ្ទាំងព្រិល នៅឯរមណីយដ្ឋាន​ជិះ​ស្គីអន្តរជាតិ Kusatsu ក្នុងក្រុង Kusatsu ដែល​នៅ​ក្បែរគ្នា។

បើតាមទីភ្នាក់ងារឧតុនិយម​ជប៉ុន JMA ដុំផ្សែងខ្មៅ ត្រូវបានគេ​ឃើញ​ហោះអណ្តែតឡើង ចេញពីភាគខាងត្បូង​​នៃភ្នំភ្លើងនោះ ហើយកម្ទេចដុំថ្ម ក៏ត្រូវបានគេ​ប្រទះឃើញ ប្រេះធ្លាក់ពីមាត់ភ្នំផងដែរ។ ជុំវិញហេតុការណ៍​នេះ JMA បាន​ចេញកម្រិត​​ប្រកាសអាសន្ននៅ​លេខ ៣ ក្នុងចំណោមកម្រិត​ទាំងអស់ ៥ ដោយ​ណែនាំកុំឲ្យ​មនុស្សម្នា​សំដៅមកក្បែរ​ភ្នំភ្លើងនេះឲ្យ​សោះ​។

គួរជម្រាបថា ភ្នំភ្លើង Kusatsu-Shirane គឺជាភ្នំភ្លើង​សកម្មមួយ​មានកម្ពស់ ២,១៦០ម៉ែត្រ ស្ថិតនៅតាម​តំបន់ខ្សែក្រវាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក៕