(សេអ៊ូល)៖ ទីបំផុតសាលក្រមរបស់តុលាការកូរ៉េខាងត្បូង បានចេញមកហើយនៅរសៀលថ្ងៃអង្គារនេះ ដោយមិត្តភក្តិជិតដិតបំផុតរបស់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ឈ្មោះ ឆយ ស៊ូនស៊ីល ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ពីបទពុករលួយ ក្លែងបន្លំមូលនិធិសាធារណៈ និងលូកលាន់កិច្ចផ្ទៃក្នុងរដ្ឋ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
តុលាការស្ថិតនៅក្នុងសង្កាត់មួយ នៃភាគកណ្តាលទីក្រុងសេអ៊ូល បានកាត់ទោសដូចខាងលើនេះទៅលើលោកស្រី ឆយ ពាក់ព័ន្ធនឹងបទល្មើសសរុបរហូតដល់ទៅ ១៨ករណីឯណោះ ដែលលោកស្រីរងការចោទប្រកាន់ ភាគច្រើនបំផុត គឺពាក់ព័ន្ធអំពើពុករលលួយតែម្តង។ លោកស្រី ឆយ គឺជាមិត្តជិតស្និទ្ធបំផុត ជាមួយអតីតប្រធានាធិបតី ផាក គឺនហេ រយៈពេលជាង ០៤ទសវត្សរ៍មកហើយ ដោយលោកស្រីត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មកម្ល៉េះ មុនប៉ុន្មានខែនៃការខ្ទាតចេញពីអំណាចរបស់លោកស្រី ផាក ដោយសាររឿងរ៉ាវពាក់ព័ន្ធគ្នាជាចង្កោមតែម្តង។
គួរបញ្ជាក់ថា សម្រាប់លោកស្រី ផាក គឺនហេ វិញគឺមិនទាន់មានការផ្តន្ទាទោសនោះឡើយ ប៉ុន្តែអតីតមនុស្សជំនិតលោកស្រីម្នាក់ទៀត គឺលោក An Chong-bum ដែលជាអតីតមន្ត្រីជាន់ខ្ពស់មួយរូបដែរនោះ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ០៦ឆ្នាំ ពីបទឃុបឃិតជាមួយលោកស្រី ផាក គឺនហេ និងលោកស្រី ឆយ ស៊ូនស៊ីល៕