(អាមេរិក)៖ ពេលនេះ​កែវយឺតអវកាស TESS របស់​អង្គការ NASA ដែលមាន​តួនាទីប្រមាញ់ និងវិភាគទៅលើភពអេលៀន​រាប់ពាន់រាប់ម៉ឺនភព ត្រូវបានបញ្ជូនទៅដល់ទីកន្លែង​បាញ់បង្ហោះ នៃមជ្ឈមណ្ឌល​អវកាស Kennedy ក្នុងរដ្ឋផ្លូរីដា​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ Florida Today នាព្រឹក​ថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

បើនិយាយឲ្យជាក់​ស្តែងទៅ TESS ឬកែវយឺតអវកាស-ផ្កាយរណប មានតួនាទីអង្កេត​ឲ្យដឹង​ច្បាស់ថា ភពចំនួនរាប់ពាន់រាប់ម៉ឺន ដែលកែវយឺតអវកាស​មុនៗមិនអាចអង្កេតបាន ហើយវានឹងគណនាឲ្យដឹងថា ពិតជាមាន​វត្តមាន​ភពគោចរនៅជុំវិញផ្កាយ​ភ្លឺៗ និងកម្រិតតូចទាំងនោះមែន ទើបភព​ទាំងអស់នោះ អាចក្លាយជា​​ភពផ្លូវការ ដែលត្រូវបាន​រកឃើញ និងត្រូវកត់ចូលក្នុង​បញ្ជីតែម្តង។

បន្ថែមពីនេះ​ទៀត TESS នឹងមានតួនាទី​អង្កេតផ្ទៃមេឃ ឲ្យបាន​ទូលំទូលាយ ៣៥០ដង ធំជាងអ្វីដែល​កែវយឺត​អវកាស NASA និង K2 របស់​អង្គការ NASA ធ្លាប់ធ្វើ ដែលកាលណោះ គឺបានរកឃើញ​ភពចម្បងៗ​ចំនួន ២,៥០០ភព​ឯណោះ។ TESS នឹងត្រៀមខ្លួនហោះ​ទៅទីអវកាស ដោយប្រើប្រាស់​គ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលត្រូវបាន​ពន្យាពេល​រួចម្តងហើយ។

បើតាមការរំពឹងទុក TESS នឹងធ្វើការ​អង្កេត​ និងដាក់ឈ្មោះភព​​ប្រមាណជាង ២០,០០០ភព​​ទៀត ហើយតេឡេស្កូបលើ​ផែនដី នឹងធ្វើការវិភាគ​បន្តក្រោយទទួល​បានទិន្នន័យ​បឋមពី TESS។ សម្រាប់ការ​បាញ់បង្ហោះ អាចនឹងធ្វើឡើង​នៅឯ​មូលដ្ឋានទ័ព​អាកាស Cape Canaveral នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះហើយ ប៉ុន្តែការពន្យាពេលយ៉ាងណាទៀតនោះ គឺអាស្រ័យលើការពិភាក្សារវាង NASA និង SpaceX៕