(តេហេរ៉ង់)៖ យន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់មួយគ្រឿង ដែលបានធ្លាក់នៅតំបន់ភ្នំ​ភាគ​ខាង​ត្បូងប្រទេសនោះ បានសម្លាប់ជីវិតមនុស្ស​នៅលើនោះទាំងអស់ ៦៦នាក់ ខណៈមូលហេតុ​ពិតប្រាកដ​នៃការធ្លាក់ នៅមិនទាន់មាន​ការបញ្ជាក់នោះឡើយ។ នេះបើតាមការចេញ​ផ្សាយ​នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។

គួរបញ្ជាក់ថា យន្តហោះខាងលើនេះ ត្រូវបានផ្នែកអាកាសចរណ៍អ៊ីរ៉ង់អះអាងថា ATR-72 ធ្វើដំណើរ​ពីទីក្រុងតេហេរ៉ង់ សំដៅទៅទីក្រុង Yasuj ភាគខាងត្បូង ដែលមានចម្ងាយ ៦២០គីឡូម៉ែត្រពីគ្នា ប៉ុន្តែយន្តហោះ​បានធ្លាក់នៅ​​ក្នុង​​តំបន់ភ្នំ Dena ភាគខាងត្បូងប្រទេសអ៊ីរ៉ង់៕