(អាល្លឺម៉ង់)៖ មន្រ្តីកិច្ចការទូតជាន់​ខ្ពស់​ចិនមួយរូប​បានលើកឡើងថា ប្រទេសចិន​ ​ប្រកាន់ខ្ជាប់​ជានិច្ច នូវគោលការណ៍​មិនប្រើប្រាស់​​អាវុធនុយក្លេអ៊ែរ​ មុនសត្រូវ​នោះឡើយ ហើយ​ទីក្រុងប៉េកាំង​មានក្តីកង្វល់​ជាខ្លាំង អំពី​​គ្រោះ​ថ្នាក់​នៃការអភិវឌ្ឍ​អាវុធនុយក្លេអ៊ែរ​នា​ពេល​បច្ចុប្បន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

ថ្លែងក្នុងសន្និសីទ​ផ្នែកសន្តិសុខ នៃទីក្រុងម៉ូនិច (MSC) ប្រទេសអាល្លឺម៉ង់ លោក​ស្រី ហ្វូ យីង (Fu Ying) មន្រ្តីទូតជើងចាស់ និងជាប្រធាន​គណៈកម្មាធិការ​​​កិច្ចការ​បរទេស នៃសភាប្រជាជន​ចិន (NPC) បាន​និយាយថា ចិន​នៅតែបន្តមាន​អាវុធ​នុយក្លេអ៊ែរ​ក្នុងចំនួនតិចតួច​ដដែល ក្នុងឃ្លាំង​ផ្ទុកសព្វា​វុធរបស់ខ្លួន​នៅក្នុងប្រទេស ហើយចិននៅតែបន្ត​ដើរតាមគោលនយោបាយ​ការពារខ្លួន ហើយបង្កើនការរារាំង​ក្នុងកម្រិត​អប្បរមា។

គួរជម្រាបថា បើតាមលោក​ស្រី Fu ទីក្រុងប៉េកាំង ក៏កំពុងប្រកាន់​ខ្ជាប់​ផងដែរនូវគោលការណ៍​មិនប្រើអាវុធនុយក្លេអ៊ែរ​មុនសត្រូវ ហើយ​​មិ​នថា ក្នុងកាលៈទេសៈ​ណាឡើយ ដែលចិននឹងប្រើប្រាស់​ ឬក៏គំរាមប្រើ​អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរដ្ឋ​ពុំមែនមហា​អំណាច​​នុយ​ក្លេ​អ៊ែរ ឬ​តំបន់ដែលគ្មាន​សព្វាវុធ​នុយក្លេអ៊ែរផងដែរ។

ការធ្វើអត្ថាធិប្បាយបញ្ជាក់​របស់លោកស្រី Fu Ying នៅឯវេទិកា​ពិភាក្សា MSC ស្តីពីបញ្ហាសន្តិសុខ​នៃអាវុធនុយក្លេអ៊ែរ បានកើត​មាន​ឡើង​ស្របពេលដែលអ្នកចូលរួម​មួយចំនួន បានបង្ហាញពីក្តីព្រួយបារម្ភ​របស់ពួកគេ ជុំវិញការរីករាលដាល​នៃការអភិវឌ្ឍ​អាវុធនុយ​ក្លេ​អ៊ែរ​នាពេលសព្វ​ថ្ងៃនេះ៕