(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់កងកម្លាំង រដ្ឋាភិបាលស៊ីរី បានផ្ដាច់យកអាយុជីវិតជនស៊ីវិលស្លូតត្រង់ជាង១០០នាក់ នៅឯតំបន់ Ghouta ភាគខាងកើតប្រទេស ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម៕

២៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានអះអាងថា យោធារបស់ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធយោធា រួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ បើទោះជាមានការព្រមានពីកូរ៉េខាងជើងក៏ដោយ៕

៣៖ បុរសជាជនសង្ស័យម្នាក់បានស្លាប់ នៅក្នុងករណីបាញ់ប្រហារជាមួយប៉ូលិសនៅក្នុងទីក្រុង ស៊ីតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោន ភាគជើងឈាងខាងលិចសហរដ្ឋអាមេរិក បន្ទាប់ពីកើតមានករណីលួចប្លន់ និងបម្រុងបើករថយន្តរត់ គេច៕

៤៖ យន្តហោះចម្បាំងធុន F-16 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានទ័ពអាកាសអាមេរិក នៅក្រុងមីសាវ៉ា (Misawa) ភាគខាងជើងប្រទេសជប៉ុនបានឆាបឆេះ ក្រោយពីហោះហើរចាកចេញពីបន្ទាយបានតែបន្តិចប៉ុណ្ណោះ នាព្រឹកថ្ងៃអង្គារនេះ៕

៥៖ រដ្ឋាភិបាលតួកគី បានចេញមកព្រមានរដ្ឋាភិបាលស៊ីរី ជុំវិញការបញ្ជូនកងទ័ពស៊ីរី ទៅក្នុងតំបន់ Afrin ដើម្បីជួយ ក្រុមសកម្មប្រយុទ្ធឃើដ ដែលទីក្រុងអង់ការ៉ា បាននិងកំពុងបន្តប្រតិបត្តិការយោធាយ៉ាងក្តៅគគុកដើម្បី បោសសម្អាតចោល នៅទីនោះ៕

៦៖ ឥណ្ឌានៅថ្ងៃអង្គារនេះ បានធ្វើតេស្ដបាញ់សាកល្បង មីស៊ីលរយៈចំងាយមធ្យមរបស់ខ្លួន អាកនី (Agni-II) ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ ចេញពីកន្លែងធ្វើតេស្ដមួយស្ថិតនៅឆ្នេរសមុទ្រនៃរដ្ឋ អូឌីហ្សា (Odisha) ភាគខាងកើតប្រទេស៕