(ព្យុងយ៉ាង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាង ហើយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុងជាប់ឃុំនៅរដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨។
Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានបញ្ជាក់ទៀតថា លោក Mike Pompeo បានទៅដល់ទីក្រុងព្យុងយ៉ាង ដោយធ្វើដំណើរចាកចេញពីប្រទេសជប៉ុន ហើយដែលនេះគឺជាដំណើរទស្សកិច្ចជាលើកទី ២ របស់លោកទៅកាន់កូរ៉េខាងជើង បន្ទាប់ពីលោកត្រូវបានគេរាយការណ៍ថា បានបំពេញទស្សនកិច្ចជាសំងាត់ក្នុងទីក្រុងទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗកន្លងទៅនេះ មុនការកើតឡើងនៃជំនួបរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា ព័ត៌មានខាងលើមិនទាន់ត្រូវបានមន្ត្រីអាមេរិក ទទួលស្គាល់នៅឡើយទេ ប៉ុន្តែបើតាមប្រភពដដែល ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក ក៏ផ្ដោតសំខាន់ផងដែរលើការពិភាក្សាស្ដីពីការរៀបចំជំនួបរវាងលោកត្រាំ និងលោក គីម ជុងអ៊ុន នៅចុង ខែឧសភា ឬនៅដើមខែមិថុនាក្រោយនេះ៕