(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា តំបន់ព្រំដែនគ្មានយោធារវាងប្រទេសកូរ៉េទាំងពីរ នឹងមិន ក្លាយជាកន្លែងរៀបចំជំនួបកំពូលជាមួយលោក គីម ជុងអ៊ុន នោះទេ ខណៈសិង្ហបុរីត្រូវបានគេរំពឹងខ្ពស់ថា នឹងក្លាយជាកន្លែងណាត់ជួបរវាងមេដឹកនាំទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការបញ្ជាក់បែបនេះ នៅក្នុងជំនួបគណៈរដ្ឋមន្ត្រីរបស់លោក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ប៉ុន្តែព្រមពេលជាមួយគ្នា លោកក៏បានអះអាងដែរថា លោកនឹងប្រកាសពីកាលបរិច្ឆេទ និងទីតាំងនៅរយៈពេលបីថ្ងៃខាងមុខ។ «ជំនួបកំពូល (អាមេរិក-កូរ៉េខាងជើង) នឹងមិនត្រូវធ្វើឡើងនៅតំបន់ព្រំដែនគ្មានយោធា រវាងប្រទេសទាំងពីរនោះទេ»។ យ៉ាងណាក៏ដោយ ប្រធានាធិបតីរូបនេះមិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ នៃការសម្រេចចិត្តរបស់លោកឡើយ ដោយគ្រាន់តែលើកឡើងពីលទ្ធភាព នៃការរៀបចំជំនួបជាមួយលោក គីម នៅប្រទេសសិង្ហបុរី។
គួរបញ្ជាក់ថា បើតាមស្ថានីយទូរទស្សន៍ CNN ក្រុមមន្ត្រីអាមេរិក ក៏កំពុងដឹកនាំការរៀបចំសម្រាប់កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម នៅប្រទេសសិង្ហបុរីដែរ ដែលអាចនឹងត្រូវប្រព្រឹត្តទៅនៅក្រោយជំនួបរវាងលោក ត្រាំ និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃទី២២ ខែឧសភានេះ៕