(ដាម៉ាស់)៖ ទូរទស្សន៍រដ្ឋស៊ីរីបានចេញផ្សាយថា ប្រទេសអ៊ីស្រាអែលកំពុងតែព្យាយាមវាយប្រហារកម្ទេចមូលដ្ឋានការពារដែនអាកាស នៅក្នុងប្រទេសស៊ីរី និងប្រព័ន្ធរ៉ាដាផ្សេងៗ តាមរយៈការបាញ់ស្រោចគ្រាប់មីស៊ីល មកលើទីក្រុងដាម៉ាស់តែម្តង មកទល់ពេលទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅទីក្រុងម៉ាស់)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីរាយការណ៍បានបន្តទៀតថា គ្រាប់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ បានហោះផ្លោងសំដៅមកវាយប្រហារទីក្រុងដាម៉ាស់ ប៉ុន្តែត្រូវបានប្រព័ន្ធការពារមីស៊ីលស៊ីរីបាញ់ទម្លាក់បានភាគច្រើន ប៉ុន្តែនៅតែមានមីស៊ីលមួយចំនួន បានហោះទៅវាយប្រហារចំគោលដៅ និងបានកម្ទេចស្ថានីយរ៉ាដា អស់មួយទីតាំងផងដែរនៅក្នុងប្រទេសស៊ីរី។ បើតាមទូរទស្សន៍រដ្ឋស៊ីរី មីស៊ីលអ៊ីស្រាអែលយ៉ាងហោចណាស់ក៏ជាង ១០គ្រាប់ដែរដែលត្រូវបានបាញ់ទម្លាក់។
គួរបញ្ជាក់តាមសេចក្តីរាយការណ៍ កាលពីប៉ុន្មានម៉ោងមុននេះថា សំឡេងយ៉ាងកងរំពងនៃការផ្ទុះ និងចេញពីប្រព័ន្ធការពារដែនអាកាស ត្រូវគេដឹងលឺនៅក្នុងរដ្ឋធានីដាម៉ាស់ នាទៀបភ្លឺថ្ងៃព្រហស្បតិ៍នេះ។ ដោយយោងតាមសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានផ្លូវការរដ្ឋស៊ីរី SANA ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានធ្វើការឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល ពីសំណាក់ប្រទេសអ៊ីស្រាអែល ហើយនិងកំពុងបន្តប្រុងជើងការកម្រិតខ្ពស់បំផុត។
ភាពតានតឹងស៊ីរី-អ៊ីស្រាអែល បានកើនឡើងខ្លាំងតាំងតែពីយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងដាម៉ាស់) នៅពេលដែលអ៊ីស្រាអែលបានបាញ់គ្រាប់រ៉ុក្កែតមកលើទីតាំងយោធារបស់ស៊ីរី នៅខេត្តគូណៃទែរ៉ា (Qunaitera) ភាគខាងត្បូងប្រទេស ហើយក្រោយមកទៀតគ្រាប់មីស៊ីល ក៏បានហោះស្រោចទៅលើទីតាំងយោធា ដែលស្ថិតក្នុងតំបន់ Golan Heights គ្រប់គ្រងដោយអ៊ីស្រាអែលវិញដែលគេជឿជាក់ថា ជាការឆ្លើយតបរបស់ស៊ីរី ប៉ុន្តែអ៊ីស្រាអែលបានចោទថា ជាទង្វើរបស់កងកម្លាំងអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅស៊ីរីស្រាប់៕