(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានទាមទារឲ្យមានការបកស្រាយហេតុផល ក៏ដូចជាការទទួលខុសត្រូវចំពោះអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ចាប់តាំងពីខែសីហា ឆ្នាំ២០១៧។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨។
សេចក្តីថ្លែងការណ៍របស់ UNSC បានលើកឡើងយ៉ាងដូច្នេះថា «សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ ដោយផ្អែកលើសារៈសំខាន់នៃការស៊ើបអង្កេតដោយមានតម្លាភាព ទៅលើករណីរំលោភបំពានសិទ្ធិមនុស្ស សូមទទូចឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា បំពេញនូវការប្តេជ្ញារបស់ខ្លួនដែលបានលើកឡើងពីខាងដើម ក្នុងការតាមវែករកមុខជនដៃដល់ នៃអំពើហិង្សានៅរដ្ឋរ៉ាឃីន រួមមានទាំងការបំពាន និងប្រើហិង្សាផ្លូវភេទ ព្រមទាំងហិង្សាប្រឆាំងលើកុមារ»។
សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តី UNSC បានធ្វើដំណើរទៅកាន់មីយ៉ាន់ និងបង់ក្លាដែស កាលពីចន្លោះថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី០១ ខែឧសភា ហើយក្រុមមន្រ្តី UN បានធ្វើទស្សនកិច្ចទៅកាន់ជំរុំជនភៀសខ្លួននៅឯទីក្រុង ខូស បាហ្សា (Cox's Bazar) របស់បង់ក្លាដែស ជាទីដែលពួកគេបានជួប និងសួរសុខទុក្ខជនភៀសខ្លួនរ៉ូហ៊ីងយ៉ា។
គួរជម្រាបថា បើតាមតួលេខរបស់ UN ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧០០,០០០នាក់ បានរត់ភៀសខ្លួនឆ្លងព្រំដែនចូលទៅកាន់ប្រទេសបង់ក្លាដែស ក្រោយពីអំពើហិង្សាទ្រង់ទ្រាយធំបានផ្ទុះឡើង នៅរដ្ឋរ៉ាឃីន កាលពីខែសីហាឆ្នាំទៅមិញ។ ជុំវិញបញ្ហានេះ កាលពីវិច្ឆិកាឆ្នាំដដែល រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស ក៏បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួនទាំងនោះវិញផងដែរ ប៉ុន្តែមកទល់ពេលនេះ ដំណើរការនៃរឿងនេះពុំទាន់បានប្រព្រឹត្តទៅនៅឡើយទេ៕