(ប្រេស៊ីឡា)៖ បណ្តាញសង្គម Facebook បានប្រកាសថា ខ្លួនកំពុងរៀបចំដាក់ចេញនូវសេវាដើម្បីត្រួតពិនិត្យមើលព័ត៌មាន នៅក្នុងប្រទេសប្រេស៊ីល នៅមុនការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅខែតុលាខាងមុខ ដែលយុទ្ធនាការនេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារឯកទេសខាងឆែកមើលការពិត លូប៉ា (Lupa) និង អេ ឡូស ហេចូស (A los Hechos) របស់ប្រេស៊ីលផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
យោងតាម Facebook ទីភ្នាក់ងារខាងលើនឹងមានសិទ្ធិចូលទៅពិនិត្យព័ត៌មានទាំងឡាយណា ដែលត្រូវបានអ្នកប្រើប្រាស់រាយការណ៍ (Report) ថាជា «ព័ត៌មានប្រឌិត ឬ Faked News» ហើយប្រសិនបើការរាយការណ៍របស់អ្នកប្រើប្រាស់នោះ ត្រូវបាន Facebook ផ្ទៀតផ្ទាត់ឃើញថា ពិតជាព័ត៌មានក្លែងក្លាយនោះ ព័ត៌មាននោះនឹងត្រូវកាត់បន្ថយកម្រិត នៃការចែកចាយ (Reach) ឬក៏អាចត្រូវបិទចោលតែម្តងក្នុងករណីធ្ងន់ធ្ងរ។
ទន្ទឹមនឹងនេះ Facebook ក៏នឹងជូនដំណឹងដល់អ្នកគ្រប់គ្រងក៏ដូចជាអ្នកប្រើប្រាស់របស់ Page ដែលចែករំលែកព័ត៌មានប្រឌិតទាំងនោះផងដែរ ហើយ Pages ដែលជាដដែលៗ នៅតែបន្តចែកចាយព័ត៌មានប្រឌិតក្លែងក្លាយទៀតនោះ នឹងត្រូវ Facebook កាត់បន្ថយចំនួន Reach នៃអ្នកទស្សនារបស់ពួកគេ។
Facebook បានឲ្យដឹងថា ក្រោយពីបានបើកយុទ្ធនាការស្រដៀងគ្នានេះនៅសហរដ្ឋអាមេរិក ការចែកចាយនៃព័ត៌មានប្រឌិត បានធ្លាក់ចុះដល់ទៅ ៨០ភាគរយ ហើយម៉្យាងវិញទៀតនៅតាមប្រទេសដទៃទៀត រួមមានអ៊ីតាលី និងហ្វីលីពីនជាដើម ក៏ចាប់ផ្តើមកើតមានការសហការស្រដៀងគ្នានេះ ជាមួយដៃគូផ្សេងៗរួចស្រេចទៅហើយ៕