(អាមេរិក)៖ អភិបាលរដ្ឋហាវៃលោក David Ige បានស្នើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រកាស State of Disaster (ដើម្បីអាចទទួលបានជំនួយពីរដ្ឋាភិបាល) សម្រាប់កោះដ៏ធំនៅលើមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ដោយសារតែសកម្មភាពភ្នំភ្លើងយ៉ាងខ្លាំងក្លា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
Kilauea ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយនៅលើពិភពលោក បាននិងកំពុងបន្តជះកម្អែលភ្លើងចេញមកក្រៅអស់រយៈពេលប្រមាណជាមួយសប្តាហ៍មកហើយ ដោយនាពេលកន្លងទៅនេះផ្លូវថ្នល់ ទ្រព្យសម្បត្តិសាធារណៈ និងលំនៅឋានជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញ ប៉ុន្តែមិនមានមនុស្សបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះទេ។ ជាមួយគ្នានេះ លោកអភិបាលរដ្ឋហាវៃ ក៏បានដាក់សំណើសុំឲ្យមានការជួយដោយផ្ទាល់ពីរដ្ឋាភិបាលសហព័ន្ធផងដែរ ពីព្រោះថាការជម្លៀសខ្លួនទ្រង់ទ្រាយធំដទៃទៀត អាចនឹងត្រូវកើតមានឡើង។
គួរជម្រាបថា បើតាមក្រុមអ្នកជំនាញ ភ្នំភ្លើង Kilauea អាចនឹងបញ្ចេញផ្សែងពុលព្រមទាំងបំណែកដុំថ្មធំៗ ចេញពីមាត់របស់វាទៅលើតំបន់នៅក្បែរនោះ ហើយបង្កជាហានិភ័យធ្ងន់ធ្ងរផងដែរ៕