(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានថ្កោលទោស និងចោទប្រកាន់សហគមន៍អន្តរជាតិថាកំពុងលើកទឹកចិត្ត ឱ្យអ៊ីស្រាអែលដឹកនាំការវាយប្រហារលើស៊ីរី ហើយថាទីក្រុងដាម៉ាស់ មានសិទ្ធិពេញលេញដើម្បីការពារខ្លួនឯង។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi បានលើកឡើងដូច្នេះថា៖ «អ៊ីរ៉ង់ថ្កោល ទោសយ៉ាងពេញទំហឹង...ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើស៊ីរី ហើយភាពស្ងប់ស្ងាតរបស់សហគមន៍អន្តរជាតិគឺមានន័យ ស្មើនឹងការលើកចិត្តឱ្យអ៊ីស្រាអែលបន្តសកម្មភាពឈ្លានពានដូចនេះ»។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាយន្ដហោះចម្បាំងអ៊ីស្រាអែលធុន F-15 និង F-16 ២៨គ្រឿង បានបាញ់មីស៊ីលជិត៦០គ្រាប់ លើមូលដ្ឋានកងទ័ពស៊ីរី ក្បែរទីក្រុងដាម៉ាស់។ ប៉ុន្តែទន្ទឹមគ្នា ក៏បានអះអាងដែរថាកងកម្លាំងទ័ពអាកាស ស៊ីរីបានបាញ់ទម្លាក់មីស៊ីលទំាងនេះអស់ជាងពាក់កណ្ដាលផងដែរ។ ចំណែកឯ ប្រទេសបារាំង អាល្លឺម៉ង់ និងអងគ្លេស បានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពស្ងៀមស្ងាត់ ខុសឡើយតែសហរដ្ឋអាមេរិកអាមេរិក ដែលបានគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែល ដោយបញ្ជាក់ថាវាជាការពារខ្លួន៕